រដ្ឋធានីកូឡុំបូ៖ ប្រធានាធិបតីស្រីលង្កា លោកស្រី អនុរ៉ា គុម៉ារ៉ា ឌីស្សាណាយ៉ាកេ (Anura Kumara Dissanayake) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃទី២៩វិច្ឆិកាម្សិលមិញ និងបានអំពាវនាវស្វែងរកជំនួយអន្តរជាតិ បន្ទាប់ពីព្យុះស៊ីក្លូនឌីតវ៉ាហ៍ (Ditwah) បំផ្លិចបំផ្លាញលើទីក្រុងធំៗ និងសម្លាប់មនុស្សយ៉ាងហោចណាស់១៥៩នាក់...។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បានរាយការណ៍ថា ផ្នែកភាគខាងជើងនៃរដ្ឋធានីកូឡុំបូ កំពុងប្រឈមនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរ ខណៈកម្រិតទឹកនៅក្នុងទន្លេបន្តកើនឡើង។ មជ្ឈមណ្ឌលបន្តថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥៩នាក់ ខណៈ២០៣នាក់ផ្សេងទៀតបន្តបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលមួយសប្តាហ៍។ ឥណ្ឌា គឺជាប្រទេសដំបូងគេ ដែលបានបញ្ជូនការផ្គត់ផ្គង់ជំនួយ និងឧទ្ធម្ភាគចក្រពីរគ្រឿងជាមួយនាវិក ដើម្បីបំពេញបេសកកម្មជួយសង្គ្រោះ។ ជប៉ុន អះអាងថា ខ្លួននឹងបញ្ជូនក្រុមមួយទៅវាយតម្លៃតម្រូវការបន្ទាន់ ហើយបានសន្យាផ្តល់ជំនួយបន្ថែមទៀត។

ព្យុះស៊ីក្លូន បានបំផ្លាញផ្ទះជាង២ម៉ឺនខ្នង និងបានបង្ខំមនុស្ស១២២ ០០០នាក់ឱ្យជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។ មនុស្ស៨៣៣ ០០០នាក់ផ្សេងទៀត បានទាមទារជំនួយបន្ទាប់ពីត្រូវបានផ្លាស់ទីលំនៅដោយទឹកជំនន់។ កងទ័ពជើងទឹក និងទ័ពអាកាស ត្រូវបានដាក់ពង្រាយជាមួយកម្មករស៊ីវិល និងអ្នកស្ម័គ្រចិត្ត ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះអាយុជីវិតពលរដ្ឋ។ ក្រុមមន្ត្រីបានរាយការណ៍ថា ប្រហែលមួយភាគបីនៃប្រទេសនេះ នៅតែគ្មានអគ្គិសនី ឬទឹកប្រើប្រាស់ ដោយសារខ្សែបណ្តាញអគ្គិសនីដួលរលំ និងកន្លែងចម្រោះទឹកត្រូវបានជន់លិច ហើយការភ្ជាប់អ៊ីនធឺណិតក៏ត្រូវបានរំខានផងដែរ។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូននេះ គឺជាគ្រោះមហន្តរាយដ៏សាហាវបំផុតដែលបោកបក់លើប្រទេសស្រីលង្កា ចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលទឹកជំនន់ និងការបាក់ដីបានឆក់យកជីវិតមនុស្សជាង២០០នាក់ និងរាប់សែននាក់បានផ្លាស់ទីលំនៅ។ ទឹកជំនន់ដ៏អាក្រក់បំផុត បានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០០៣ នៅពេលមនុស្ស២៥៤នាក់ត្រូវបានស្លាប់៕

