
រាជធានីកូឡាឡាំពួរ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកួតឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត មុននេះបន្តិច ដោយលទ្ធផល ៣-១ មាន៣ពិន្ទុក្នុងពូលB ដោយការប្រកួតបន្ទាប់ត្រូវជួបក្រុមខ្លាំងឥណ្ឌូណេស៊ី ដើម្បីប្រជែងកៅអីកំពូលតារាងឡើងទៅវគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ AFF Women’s Cup 2026 ដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Kuala Lampur Football ប្រទេសម៉ាឡេស៊ី...។

ក្រុមជម្រើសជាតិនារីទីម័រខាងកើត បានបើកការនាំមុខមុននៅនាទី«ទី២»ដោយកីឡាការិនីពាក់អាវលេខ១៦ បន្ទាប់ពីលេងបានត្រឹមតែ១នាទីជាងប៉ុណ្ណោះ។ យ៉ាងណា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានដាក់ការគាបសង្កត់ទៅលើក្រុមជម្រើសជាតិនារីទីម័រខាងកើតវិញ ដោយរកបាន២គ្រាប់ បន្ទាប់ពីការវាយបកយ៉ាងសន្ធាប់។ គ្រាប់បាល់ទី១របស់ក្រុមជម្រើសជាតិនារីកម្ពុជា រកបានដោយកីឡាការិនីពាក់អាវលេខ១១ ហេង សុវណ្ណមុន្នី នៅ«នាទី២៩» និងកីឡាការិនីពាក់អាវលេខ១៥ ឈិត សាភឿន នៅ«នាទី៣៦»។ យ៉ាងណាក្រុមទាំងពីរ បានរក្សាលទ្ធផលនេះរហូតបញ្ចប់ការប្រកួតវគ្គទី១។ ចូលដល់វគ្គទី២ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នៅតែបន្តដាក់សម្ពាធទៅលើក្រុមជម្រើសជាតិនារីទីម័រខាងកើតជារឿយៗ ដោយកីឡាការិនី វិបុល សិរីស៊ីថា ពាក់អាវស្លាកលេខ១៣ បានទាត់បាល់បញ្ចូលទីនៅ«នាទី៩០+៦» ធ្វើឱ្យក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-១ មាន៣ពិន្ទុស្មើក្រុមនារីឥណ្ឌូណេស៊ីដែរ។

សូមជម្រាបថា សម្រាប់ពូលB ក្រុមជម្រើសជាតិនារីទីម័រខាងកើត អស់ឱកាសឡើងទៅលេងវគ្គខ្វែងហើយ ទោះបីប្រកួតទី២របស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ចាញ់ ឬស្មើក្រុមបាល់ទាត់ជម្រើសជាតិនារីឥណ្ឌូណេស៊ីក៏ដោយ ដ្បិត២ប្រកួតរបស់ក្រុមជម្រើសជាតិនារីទីម័រខាងកើត ចាញ់ទាំងពីរប្រកួត ពោលគឺចាញ់ក្រុមបាល់ទាត់ជម្រើសជាតិនារីឥណ្ឌូណេស៊ី ២-០ នៅជុំដំបូង និងបន្តចាញ់ក្រុមនារីកម្ពុជា ៣-១ មុននេះបន្តិច។ ដូច្នេះ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងឡើងទៅវគ្គខ្វែង៤ក្រុមចុងក្រោយនៃពានរង្វាន់ AFF Women’s Cup 2026 នេះ ដោយស្វ័យប្រវត្តិ ដោយនឹងត្រូវជួបក្រុមលេខមួយ ឬលេខពីនៃពូលA ក្រោយការប្រកួតជាមួយក្រុមឥណ្ឌូណេស៊ី នៅពេលខាងមុខ ខណៈពូលAមានបីប្រទេសចូលរួមលេងពានរង្វាន់មួយនេះ ដូចពូលB ដែរ នោះគឺក្រុមម៉ាឡេស៊ី ជាម្ចាស់ផ្ទះ, ឡាវ និងសិង្ហបុរី៕







