
ក្រុងសៀមរាប៖ មន្ទីរពេទ្យបង្អែកពួក នៃស្រុកពួក ខេត្តសៀមរាប បានចេញសេចក្តីថ្លែងការណ៍ សុំទោសជាសាធារណៈ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គម ជុំវិញករណីមន្ត្រីផ្នែកសុខាភិបាលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យទៅលើព្រះសង្ឃ ដែលបាននិមន្តទៅទទួលសេវាព្យាបាល...។

តាមរយៈសេចក្ដីបំភ្លឺនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ថ្មីៗនេះ មន្ទីរពេទ្យបង្អែកពួក បានទទួលព័ត៌មានពីគណនីសង្គមហ្វេសប៊ុករបស់ព្រះតេជគុណ ភិក្ខុ ពៅ ចិនរ៉ា ដែលបានបង្ហោះសំណេរ ជុំវិញការផ្ដល់សេវាដែលមានខ្លឹមសារទាំងស្រុងថា (កូនសិស្សអាពាធ លោកទៅពេទ្យស្រុកពួក ស្រាប់តែពេទ្យបន្ទោសថា មកមិនដឹងយប់មិនដឹងថ្ងៃ។ ចឹង..អាត្មា សុំទោសគ្រូពេទ្យផង ដែលជំងឺលោកឈឺមិនដឹងយប់មិនដឹងថ្ងៃ។ យ៉ាងណា ក្រោយទទួលបានដំណឹងខាងលើ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែកពួក ក៏បានធ្វើការកោះហៅអ្នកគ្រូពេទ្យម្នាក់ឈ្មោះ កាយ គិមសាន និង លោកវេជ្ជបណ្ឌិតឯកទេស ខៃ សីលា ដើម្បីធ្វើការសាកសួរព័ត៌មាន។

បន្ទាប់ពីធ្វើការសាកសួរ និងកត់កំណត់ហេតុរួច អ្នកគ្រូ កាយ គិមសាន បញ្ជាក់ថា ដើមទងដែលឈានដល់ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ គឺបណ្ដាលមកពីខ្លួនមិនបានដឹងអំពីការចុះឈ្មោះ ឬព័ត៌មានលម្អិតផ្សេងទៀតពីមុនមកទេ ប៉ុន្តែនៅពេលឃើញមានអ្នកជំងឺ (ព្រះសង្ឃ) និមន្តមកទទួលសេវា គឺបានស្ទុះទៅជួយ សម្របសម្រួល និងផ្តល់សេវាភ្លាមៗតាមដែលអាចធ្វើបាន។ បន្ទាប់មក លោកគ្រូ ខៃ សីលា ក៏បានពន្យល់បន្ថែមថា គឺមានមណ្ឌលសុខភាពមានទីតាំងស្ថិតនៅជិតតំបន់នោះស្រាប់ ហើយផ្ដល់ដំបូន្មានឱ្យមកពិនិត្យនៅពេលព្រឹក គឺធ្វើឡើងស្របតាមបច្ចេកទេសវេជ្ជសាស្ត្រ។ ជាមួយគ្នា មន្ទីរពេទ្យបង្អែកពួក បានសង្កត់ធ្ងន់ថា ក្នុងនាមករុណាខ្ញុំម្ចាស់ជាបុគ្គលិកសុខាភិបាល ដែលបានប្រព្រឹត្តទាំងកាយវិការ និងពាក្យសំដីមិនសមរម្យ អំឡុងពេលនៃការផ្ដល់សេវាកាលពីយប់មិញ ករុណាខ្ញុំម្ចាស់សូមអភ័យទោស និងសូមខមាលទោសចំពោះរាល់កំហុសឆ្គង ឬការប្រើប្រាស់ពាក្យសម្តីណាមួយដែលមិនសមរម្យ ដែលអាចបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ព្រះទ័យរបស់ព្រះអង្គ៕




