ពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ សូមប្រុងប្រយ័ត្ន! អាជ្ញាធរសម្រេចបើកទ្វាររំដោះទឹកពីអាងពហុបំណងបាត់ដំបង
S
Sreyleak Yith
មួយម៉ោងមុន

ក្រុងបាត់ដំបង៖ ដោយសារទឹកភ្លៀងធ្លាក់មកជោគជាំខ្លាំង បង្កឱ្យអាងពហុបំណងបាត់ដំបង ពេញប្រៀប។ ដើម្បីបន្ធូរបន្ថយបរិមាណទឹក មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសម្រេចបើកទ្វារបង្ហូរទឹកចូលស្ទឹងសង្កែ ដែលនឹងបណ្តាលឱ្យកម្ពស់ទឹកក្នុងស្ទឹង មានការកើនឡើង នាពេលខាងមុខ…។

មន្ទីរធនធានទឹកគូសបញ្ជាក់ថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ឃើញថា ចាប់ពីថ្ងៃទី១២រហូតដល់ថ្ងៃទី១៤កក្កដា ឆ្នាំ២០២៦ កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រ៊ីស។ កត្តានេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលនឹងបណ្តាលឱ្យមានទឹកជំនន់ឡើងខ្លាំង ក្នុងស្រុកសំឡូត ហើយហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឱ្យបរិមាណទឹកក្នុងអាង មានការកើនឡើងលើសកម្រិត។ ដូច្នេះ មន្ទីរធនធានទឹក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។  

មន្ទីរធនធានទឹក នឹងបន្តតាមដានការប្រែប្រួលអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និងជម្រាបជូនដំណឹងជាបន្តបន្ទាប់ទៀត។ គួរជ្រាបថា មិនមែនមានតែស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានជំនន់ទឹកភ្លៀងធ្លាក់មកខ្លាំងទេ ជាក់ស្តែង ក្រុងកំពត និងស្រុកកំពង់សីលានៃខេត្តព្រះសីហនុ ក៏បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះដូចគ្នាដែរ។ តែទោះជាយ៉ាងណា ស្ថានភាពជំនន់ទឹកភ្លៀងហាក់មិនធ្ងន់ធ្ងរខ្លាំង ឬប៉ះពាល់ដល់អាយុជីវិតមនុស្ស-សត្វឡើយ ដោយគ្រាន់តែខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនប៉ុណ្ណោះ ប៉ុន្តែការប្រុងប្រយ័ត្នបន្ថែមពីបងប្អូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត