សម្ដេចនាយករដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅចិនរយៈពេល៣ថ្ងៃ
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ មេដឹកនាំកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦…។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងនៅរសៀលថ្ងៃទី១៣កក្កដានេះថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងធុរជនកម្ពុជា នឹងអញ្ជើញអមដំណើរសម្ដេចនាយករដ្ឋមន្រ្តីផងដែរ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅថ្ងៃទី១៧កក្កដា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

កំលុងស្នាក់នៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្ដែងការគួរសមចំពោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនរូប។ ក្រសួងការបរទេសគូសបញ្ជាក់ថា ទស្សនកិច្ចការងាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន គូសបញ្ជាក់ពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត