អ៊ីស្រាអែលប្រកាសរក្សាកងទ័ពនៅលីបង់ ស៊ីរី និងហ្កាហ្សា ថែមទាំងគំរាមកម្ទេចអ៊ីរ៉ង់ បើហ៊ានលូកដៃ
ហៀប ស៊ីថេត
17 ម៉ោងមុន

រដ្ឋធានីហ្ស៊េរុយសាឡិម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតហ៍ (Israel Katz) បានប្រកាសជាផ្លូវការថា កងកម្លាំងការពារជាតិអ៊ីស្រាអែល នឹងនៅតែបន្តឈរជើងនៅក្នុងតំបន់សុវត្ថិភាព ដែលខ្លួនបានបង្កើតឡើងនៅក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សា រហូតដល់មានការជូនដំណឹងជាថ្មី ហើយថែមទាំងគំរាមវាយប្រហារអ៊ីរ៉ង់ ប្រសិនបើហ៊ានលូកដៃរឿងលីបង់នេះថែមទៀតផង...។

លោក អ៊ីស្រាអែល កាតហ៍ 
លោក អ៊ីស្រាអែល កាតហ៍ 

នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធកងទ័ពអ៊ីស្រាអែល ដែលបានពលីជីវិតក្នុងសង្គ្រាមលីបង់ឆ្នាំ២០០៦ លោក អ៊ីស្រាអែល កាតហ៍ បានសង្កត់ធ្ងន់ថា៖«កងទ័ពការពារជាតិអ៊ីស្រាអែល នឹងបន្តឈរជើងនៅក្នុងតំបន់សុវត្ថិភាពក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា ដើម្បីការពារប្រជាជន និងសហគមន៍អ៊ីស្រាអែល ពីក្រុមភេរវករជីហាដ។ យើងនឹងមិនដកថយពីតំបន់សុវត្ថិភាពទាំងនេះឡើយ»។ ទន្ទឹមនឹងនេះ លោក កាតហ៍ ក៏បានព្រមានជាថ្មីម្ដងទៀតទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ ដោយលើកឡើងថា សាធារណរដ្ឋឥស្លាមមួយនេះ នឹងត្រូវរងការវាយប្រហារវិញ ជាមួយកម្លាំងយោធាពេញទំហឹង ប្រសិនបើហ៊ានបើកការវាយប្រហារលើអ៊ីស្រាអែល ជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់។

សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីស្រាអែល និងលីបង់ ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌសន្តិភាព គាំទ្រដោយសហរដ្ឋអាម៉េរិក ដើម្បីវែកផ្លូវឆ្ព៉ោះទៅរកសន្តិភាព និងការទម្លាក់អាវុធចុះចាញ់របស់ក្រុមហេសបូឡា។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានច្រានចោលម្ដងហើយម្ដងទៀត នូវលទ្ធភាពនៃការដកទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់។ លើសពីនេះ ភាគីអ៊ីស្រាអែលនៅតែប្រកាន់ជំហរថា ការដកទ័ពនឹងកើតឡើង ល្កឹកណាក្រុមហេសបូឡាហ៍ត្រូវបានលុបបំបាត់ទាំងស្រុង នៅទូទាំងប្រទេសលីបង់។ គួររំលឹកថា ក្រុមហេសបូឡាហ៍បានអូសទាញលីបង់ចូលទៅក្នុងភ្លើងសង្គ្រាមមជ្ឈិមបូព៌ា កាលពីដើមខែមីនាកន្លងទៅ តាមរយៈការបាញ់ស្រោចគ្រាប់រ៉ុក្កែតសំដៅទៅលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។

ជាការឆ្លើយតប អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ និងបានវាយលុកតាមផ្លូវគោក រុលចូលទៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់យ៉ាងសាហាវ។ យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលលីបង់ មនុស្សជិត ៤៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ ដោយឡែក យោធាអ៊ីស្រាអែលបានអះអាងថា ខ្លួនបានបាត់បង់ទាហានចំនួន៣៨នាក់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីការប្រយុទ្ធគ្នាកាលពីដើមខែមីនា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត