
ក្រុងសៀមរាប៖ រចនាសម្ព័ន្ធច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្ត ផ្នែកខាងក្នុង ដែលកន្លងមក មានការដួលរលំដោយសារធម្មជាតិ និងអាយុកាលនៃថ្ម ពេលនេះ ត្រូវបាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជួសជុល។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃចន្ទទី១៣កក្កដានេះ...។

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព គូសបញ្ជាក់ថា ការជួសជុលច្រាំងកសិន្ធុនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងឃើញពីការដួលរលំ ក៏ដូចជាដើម្បីលើកតម្លៃនៃកសិន្ធុឡើងវិញ ព្រោះវាមានភាពទាក់ទាញមួយផ្នែកសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តឈរថតផ្តិតយករូបភាព។ ការជួសជុល គោរពទៅតាមបច្ចេកទេស និងបទពិសោធដែលធ្លាប់បានអនុវត្តក្នុងគម្រោងជួសជុលច្រាំងកសិន្ធុខាងក្រៅរួចហើយ។ ការជួសជុលនោះដែរ បានរើថ្មរៀបចំគ្រឹះ បុកបង្ហាប់ដីឥដ្ឋ រៀបថ្មបាយក្រៀម និងថ្មភក់ពីលើ ដោយសារកត្តាអាយុកាល បានធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្រោមរងការខូចខាត និងបាត់រូបរាងស្ទើរទាំងស្រុង តម្រូវឱ្យក្រុមការងារប្រើថ្មថ្មីជំនួសច្រើន រីឯថ្មភក់នៅសេសសល់ច្រើន។

អ្នកបុរាណវិទ្យាបន្ថែមថា រចនាសម្ព័ន្ធច្រាំងកសិន្ធុខាងក្នុងនេះ មានរូបរាងដូចទៅនឹងខាងក្រៅដែរ គ្រាន់តែនៅផ្នែកខាងក្នុងមានជណ្តើរពីថ្មបាយក្រៀមតែ៦កាំ និងថ្មភក់៤កាំ ខុសពីខាងក្រៅដែលមានថ្មបាយក្រៀម៧កាំ និងថ្មភក់៣កាំវិញ។ អ្នកបុរាណវិទ្យារូបនេះសង្ឃឹមថា នៅពេលជួសជួសរួចច្រាំងកសិន្ធុខាងក្នុងនេះ នឹងមានរូបរាងស្រស់ស្អាតឡើងវិញ ដើម្បីលើកសោភ័ណភាពប្រាសាទអង្គរវត្តកាន់តែទាក់ទាញជាងមុន។ គួរជ្រាបថា កំលុងឆ្នាំ១៩៨៦ដល់១៩៩៣ ច្រាំងកសិន្ធុផ្នែកខាងក្នុង ក៏ធ្លាប់បានជួសជុលរួចម្ដងហើយ ដោយស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា ដែលមានប្រវែងពីស្ពានហាលសរុប១៤០ម៉ែត្រ។ តែយ៉ាងណា ដោយសារតែប្រព័ន្ធបង្ហូរទឹកបានរងនូវការខូចខាត មិនអាចរំដោះទឹកភ្លៀងបានទាន់ពេលវេលា បង្កឱ្យមានការហូរច្រោះដីចេញពីផ្នែកខាងក្រោមរចនាសម្ព័ន្ធច្រាំងកសិន្ធុ និងធ្វើឱ្យដួលរលំ នៅផ្នែកខាងចុងប្រហែល៨ម៉ែត្រ៕





