
ក្រុងតាខ្មៅ៖ មន្ត្រីជំនាញគយ និងរដ្ឋាករកម្ពុជា សហការជាមួយអាជ្ញាធរដែនដីធ្វើការប្រដេញស្ទាក់ចាប់សាឡង់ផ្ទុកខ្សាច់ខុសច្បាប់មួយគ្រឿងរបស់ជនជាតិវៀតណាម ដែលបានលួចចូលមកធ្វើសកម្មភាពបូមខ្សាច់នៅក្នុងដែនទឹកកម្ពុជា តាមច្រក«កោះរកា-ក្អមសំណ»...។

របាយការណ៍ពីមន្រ្តីជំនាញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា សកម្មភាពនៃការបង្ក្រាប ធ្វើឡើងក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានសាឡង់បូមខ្សាច់ពាក់ស្លាកលេខ HN-2607 នៅចម្ងាយប្រមាណ៥គីឡូម៉ែត្រពីច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ខណៈកំពុងធ្វើដំណើរឆ្ពោះទៅតំបន់កោះធេង ស្រុកពាមជរ ខេត្តព្រៃវែង។ ភ្លាមៗ...ដោយមានការសម្របសម្រួលផ្នែកច្បាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការប្រដេញតាមស្ទាក់សាឡង់ដែលសង្ស័យនោះ ព្រមទាំងធ្វើការឃាត់ខ្លួនអ្នកបើកបរឈ្មោះ ង្វៀង វ៉ាន់ថាញ់ (Nguyen Van Thanh) សញ្ជាតិវៀតណាម។ ជនជាតិវៀតណាមរូបនេះ បានសារភាពថា ខ្លួនបានបើកសាឡង់ពីប្រទេសវៀតណាមដោយដោតទងជាតិខ្មែរ ចូលមកដែនទឹកកម្ពុជា ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់នោះឡើយ។

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមទាំងវត្ថុតាង អាជ្ញាធរបាននិងកំពុងបន្តកសាងសំណុំរឿង បញ្ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធ និងតុលាការ ដើម្បីអនុវត្តទោសទៅតាមច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ក៏ដូចជាច្បាប់ស្តីពីគយនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការលើកលែង។ សូមជម្រាបថា កាលពីពេលកន្លងទៅ នៅក្នុងភូមិសាស្ត្រស្រុកពារក៍ និងស្រុកពាមជរ នៃខេត្តព្រៃវែង ពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទះសម្បែង និងដីចម្ការនៅជាប់នឹងមាត់ទន្លេ បានលើកគ្នាតវ៉ាជាហូរហែ ជុំវិញបញ្ហាបាក់ច្រាំងទន្លេ បណ្ដាលមកពីការបូមខ្សាច់ខុសលក្ខណៈបច្ចេកទេស និងគ្មានច្បាប់បែបនេះផងដែរ៕








