ទូតខ្មែរលើកទឹកចិត្តពលរដ្ឋរស់នៅប្រទេសជប៉ុន ខិតខំធ្វើការរៀនសូត្រ ស្ថានទូតប្ដេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ជូន
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ត្រូវខិតខំធ្វើការ និងសិក្សារៀនសូត្រ ដើម្បីយកបទពិសោធ ចំណេះដឹងមកចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត…។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ លោក ជុំ សុន្ទរី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មសិក្សាការី និងពលករជំនាញកម្ពុជា នៅខេត្តស៊ីហ្សីអូកា ប្រទេសជប៉ុន។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការ[ការពារសិទ្ធិ] សុខុមាលភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារនៅប្រទេសជប៉ុន។ ស្ថានឯកអគ្គរាជទូតកម្ពុជា នឹងបន្តផ្តល់សេវាកុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទីនោះ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន លោកឯកអគ្គរាជទូត បានលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជា ខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមអភិវឌ្ឍប្រទេសនាពេលអនាគត។

លោកក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរ រួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អ ចៀសវាងរាល់សកម្មភាពខុសច្បាប់ និងយកចិត្តទុកដាក់ការពារខ្លួនពីគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យសុខភាពផ្សេងៗ។ ក្នុងជំនួបដដែល លោក ជុំ សុន្ទរី បានកោតសរសើរចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់ ដែលបានដើរតួនាទីជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន។ លោកបានលើកឡើងថា ប្រទេសជប៉ុននៅតែជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេស ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការផ្ទេរជំនាញ ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោកឯកអគ្គរាជទូត បានអរគុណចំពោះរដ្ឋាភិបាល ប្រជាជនជប៉ុន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្តផ្តល់ការគាំទ្រ និងរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា នៅប្រទេសជប៉ុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត