
រាជធានីបាងកក៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានចេញសេចក្តីព្រមានអំពីអាកាសធាតុជាលើកទី៦ ដោយជំរុញឱ្យមានការប្រុងប្រយ័ត្ន ព្រោះព្យុះទីហ្វុងបាវី នឹងនាំមកនូវខ្យល់មូសុងនិរតី មានកម្លាំងកាន់តែខ្លាំង ដែលបង្កឱ្យមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ជំនន់ទឹកភ្លៀងភ្លាមៗ និងរលកសមុទ្ទបោកបក់ខ្លាំងនៅតាមតំបន់មួយចំនួន រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សេចក្តីព្រមាននេះ បញ្ជាក់ថា ខ្យល់មូសុងនិរតី នឹងគ្របដណ្ដប់លើសមុទ្ទអាន់ដាម៉ាន់ (Andaman) និងឈូងសមុទ្ទថៃ មានខ្យល់បក់បោកខ្លាំង និងស្ថានភាពសមុទ្ទដ៏គ្រោះថ្នាក់។ រលកសមុទ្ទនៅភាគខាងលើនៃសមុទ្ទអាដាម៉ាន់ ត្រូវបានព្យាករថានឹងឡើងកម្ពស់ពី២ទៅ៤ម៉ែត្រ ហើយអាចមានកម្ពស់ខ្ពស់ជាង៤ម៉ែត្រ កំលុងពេលមានខ្យល់ព្យុះ និងផ្គររន្ទះ។ ចំណែកឯរលកសមុទ្ទនៅភាគខាងលើនៃឈូងសមុទ្ទថៃ និងភាគខាងក្រោមនៃសមុទ្ទអាន់ដាម៉ាន់ ត្រូវបានព្យាករថានឹងមានកម្ពស់ពី២ទៅ៣ម៉ែត្រ និងកើនឡើងលើសពី៣ម៉ែត្រ នៅក្នុងលក្ខខណ្ឌអាកាសធាតុដែលមានព្យុះ។

នាយកដ្ឋានបានណែនាំដល់រាល់នាវាទាំងអស់ឱ្យធ្វើដំណើរដោយការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះ និងផ្គររន្ទះ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានដាស់តឿនដល់ទូកតូចៗនៅក្នុងសមុទ្ទអាន់ដាម៉ាន់ និងឈូងសមុទ្ទថៃ ឱ្យប្រុងប្រយ័ត្ន ឬចតទុកចោលនៅកំពង់សិន។ ស្ថាប័នជំនាញនេះ ព្យាករទៀតថា សម្រាប់តំបន់មួយចំនួននៅភាគនិរតី ភាគខាងលិចនៃតំបន់វាលទំនាបកណ្តាល និងភាគខាងកើតប្រទេសថៃ ដោយក្នុងនោះមានខេត្តមួយចំនួន ដូចជា រ៉ាណុង (Ranong), ផាងង៉ា (Phang Nga), កញ្ចនបុរី (Kanchanaburi), ចន្ទបុរី (Chanthaburi) និងត្រាច (Trat) ត្រូវបានកំណត់ថាជាខេត្តដែលមានហានិភ័យខ្ពស់ជាងគេ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ ជាពិសេសនៅជិតជម្រាលភ្នំ ផ្លូវទឹក និងតំបន់ទំនាប ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះការកើតមានទឹកជំនន់ឆាប់រហ័ស និងទឹកហូរខ្លាំងពីព្រៃភ្នំ ដែលបណ្ដាលមកពីកម្រិតទឹកភ្លៀងធ្លាក់ខ្លាំង។ សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានលុបចោលជើងហោះហើរមួយចំនួនទៅកាន់ទីក្រុងសៀងហៃ (ប្រទេសចិន) និងទីក្រុងតៃប៉ិ (កោះតៃវ៉ាន់) នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដា ដោយសារតែការរំខានបង្កឡើងដោយព្យុះកំណាចបាវី៕



