
រាជធានីបាងកក៖ គ្រោះអគ្គិភ័យដ៏រន្ធត់មួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លិចបំផ្លាញក្លិបកម្សាន្តមួយកន្លែងឈ្មោះ ណា ឡាតប្រាវ (Na Ladprao) ស្ថិតក្នុងភាគខាងជើងនៃរាជធានីបាងកក ប្រទេសថៃ នៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៣កក្កដា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់២៧នាក់បានបាត់បង់ជីវិតនិង៦៣នាក់ផ្សេងទៀតរងរបួស។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល (Anutin Charnvirakul) ដែលបានចុះពិនិត្យទីតាំងកើតហេតុផ្ទាល់ បានបញ្ជាក់ពីតួលេខបឋមថា អ្នកស្លាប់ចំនួន២៧នាក់ ដោយជនរងគ្រោះភាគច្រើនត្រូវបានរកឃើញស្លាប់គរលើគ្នានៅក្នុងបន្ទប់ទឹក ផ្នែកខាងក្រោយនៃក្លិប។ លោក អះអាងដោយផ្អែកតាមសម្តីតន្ត្រីករម្នាក់ថា មានផ្សែងហុយចេញពីប្រអប់ឌីសង់ទ័រក្បែរឆាកតន្ត្រី ហើយចរន្តអគ្គិសនីត្រូវកាត់ដាច់ទាំងស្រុង រួចក៏មានសំឡេងផ្ទុះមួយបានលាន់ឡើងបង្កជាអណ្តាតភ្លើង និងផ្សែងខ្មៅក្រាស់ឃ្មឹកគ្របដណ្ដប់ពេញអគារយ៉ាងលឿនបំផុត ធ្វើឱ្យមនុស្សម្នាមិនអាចមើលផ្លូវឃើញ និងរត់ជាន់គ្នារកផ្លូវចេញទាំងងងឹតស្លុង។

អភិបាលរាជធានីបាងកក បានថ្លែងថា ក្នុងចំណោមអ្នករងរបួសទាំង៦៣នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មាន២២នាក់កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ខណៈអាជ្ញាធរកំពុងប្រញាប់ប្រញាល់កំណត់អត្តសញ្ញាណជនរងគ្រោះ ព្រោះភាគច្រើនមិនបានដាក់អត្តសញ្ញាណបណ្ណតាមខ្លួន និងខ្លះទៀតកំពុងសន្លប់បាត់ស្មារតី។ កងកម្លាំងពន្លត់អគ្គិភ័យមកពីច្រើនស្ថានីយ បានប្រញាប់ប្រញាល់មកបាញ់ទឹកពន្លត់ និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងក្នុងរយៈពេល៣០នាទីក្រោយ ប៉ុន្តែផលប៉ះពាល់គឺធំធេងហួសការស្មាន និងបន្សល់ទុកនូវភាពខូចខាត និងសាកសពគួរឱ្យអាណោចអាធ័មបំផុត។ បច្ចុប្បន្ន អាជ្ញាធរកំពុងដុតដៃដុតជើងស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ខណៈតួលេខអ្នកស្លាប់ត្រូវបានគេបារម្ភថា អាចនឹងបន្តកើនឡើងបន្ថែមទៀត។

មិនមែនជាលើកទីមួយទេដែលថៃជួបសោកនាដកម្មបែបនេះ! កាលពីឆ្នាំ២០២២ មានមនុស្ស១៤នាក់ស្លាប់ក្នុងភ្នក់ភ្លើង ដែលឆាបឆេះក្លិបតន្ត្រីនៅភាគខាងកើតប្រទេស ហើយថយក្រោយថែមបន្តិចទៀត គឺកាលពីឆ្នាំ២០០៩ ក៏ធ្លាប់មានមនុស្សដល់ទៅ៦៦នាក់បាត់បង់ជីវិត និងជាង២០០នាក់រងរបួស ក្នុងគ្រោះអគ្គិភ័យឆេះក្លិបកម្សាន្ត សាន់ធិកា (Santika) ដ៏ល្បីល្បាញ ដោយសារការដុតកាំជ្រួចក្នុងអគារបិទជិត ក្នុងថ្ងៃឆ្លងឆ្នាំ៕



