កងកម្លាំងកំពុងត្រៀមខ្លួនជួយសង្គ្រោះ ខណៈកម្ពុជាមានភ្លៀងធ្លាក់បង្កឱ្យទឹកជន់ឡើងខ្លាំងនៅក្រុង-ស្រុក និងតំបន់ទេសចរណ៍ធម្មជាតិ
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ស្របពេលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលពីព្យុះបាវី (Bavi) រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យតំបន់ទេសចរណ៍ធម្មជាតិ និងក្រុង-ស្រុកមួយចំនួន កំពុងកើនឡើងនូវទឹកជំនន់។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) លោក សុទ្ធគឹម កុលមុនី លើកឡើថា កងកម្លាំងបានត្រៀមខ្លួនរួចរាល់សម្រាប់ការជួយសង្គ្រោះ ដើម្បីបញ្ចៀសការប៉ះពាល់ធ្ងន់ធ្ងរ…។

លោក សុទ្ធគឹម កុលមុនី ថ្លែងប្រាប់ SBM News តាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយសារមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២កក្កដា តំបន់មួយចំនួនរួមមាន៖ ស្រុកសំឡូត នៅខេត្តបាត់ដំបង, ក្រុងកំពត ខេត្តកំពត និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ទោះជាយ៉ាងណា ស្ថានភាពជំនន់ទឹកភ្លៀងនេះមិនធ្ងន់ធ្ងរខ្លាំង ឬបណ្តាឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ដោយគ្រាន់តែខូចខាតលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បង្អាក់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ។ 

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM)
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM)

លោក សុទ្ធគឹម កុលមុនី មានប្រសាសន៍បន្តថា«គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់តាមដាន និងត្រៀមកម្លាំងក្នុងការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ជាពិសេស ណែនាំទៅដល់ភ្នាក់ងារត្រួតពិនិត្យតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន ដូចជា តំបន់ភ្នំ, តំបន់មានទឹកធ្លាក់ទឹកជ្រោះជាដើម ដែលអាចនឹងមានគ្រោះទឹកជំនន់រហ័ស កើតឡើង[..]»។  

ចំណែក អ្នកនាំពាក្យខេត្តកំពង់ស្ពឺ លោក ហន ភក្តី ថ្លែងប្រាប់ SBM News តាមប្រព័ន្ធទូរសព្ទនៅថ្ងៃជាមួយគ្នានេះថា ខេត្តកំពង់ស្ពឺ មានតំបន់រមណីដ្ឋាធម្មជាតិមួយចំនួន មានទឹកឡើងខ្លាំង បង្កការរំខានដាច់ផ្លូវតូចៗមួយចំនួន។ ក្នុងនោះ ទីតាំងដែលប៉ះពាល់រួមមាន៖ តំបន់ខ្នងផ្សារ, ទឹកជ្រោះជ្រាវ​, និងតំបន់ផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងទឹកធ្លាក់។ ទោះជាយ៉ាងណា លោកអះអាងថា ការប៉ះពាល់នេះ ក្នុងកម្រិតតិចតួច ពុំមានភ្ញៀវទេសចរ ឬពលរដ្ឋណាម្នាក់រងគ្រោះឡើយ ខណៈអាជ្ញាធរបានចុះជួយសម្រួលជាប់ជាប្រចាំ។ ទាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរា និងអាជ្ញាធរខេត្តកំពង់ស្ពឺ សុទ្ធតែអះអាងដូចគ្នាថា កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាអាការសធាតុដែលបន្តអាប់អួរ ភ្លៀងរលឹមជាប់ ព្រមទាំងត្រៀមជូនដំណឹងទៅពលពលរដ្ឋដែលងាយរងគ្រោះ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ខ្លាំងជាយថាហេតុ...៕

លោក ហន ភក្តី អ្នកនាំពាក្យខេត្តកំពង់ស្ពឺ។
លោក ហន ភក្តី អ្នកនាំពាក្យខេត្តកំពង់ស្ពឺ។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត