
រដ្ឋធានីសូហ្វីយ៉ា៖ ជារឿងដែលស្ទើរមិនគួរឱ្យជឿ ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយ៧គ្រឿង ដែលរួមមាន មេដាយមាស៥គ្រឿង និងមេដាយប្រាក់ ២គ្រឿង ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១ នៅប្រទេសប៊ុលហ្ការី (Bulgaria) ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី៨-១២ ខែកក្កដា ឆ្នាំ២០២៦...។

ក្រុមអត្តពលិកជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ធ្វើបានយ៉ាងល្អ ដោយឈ្នះមេដាយមាសចំនួន៥គ្រឿង រកបានដោយកីឡាករ មុីន អូស្មាន់ ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសា Novice Ski Stock។ មេដាយមាសទី២ រកបានដោយ កីឡាករ ទៀត សាលេះ លើវិញ្ញាសា NOVICE RUNABOUT 1100 Stocks។ មេដាយមាសទី៣ រកបានដោយកីឡាករ កៃ វ៉ាន់ស៊ីដែន លើវិញ្ញាសា Amateur Ski 4 Stroke Lites។ មេដាយមាសទី៤ រកបានដោយកីឡាករ សាលី អ៊ូមើត លើវិញ្ញាសា Sport GP។ និងមេដាយមាសទី៥ រកបានដោយ កីឡាករ កៃ វ៉ាន់ស៊ីដែន លើវិញ្ញាសា Amatuer Ski Modified។

ចំណែកមេដាយប្រាក់ចំនួន២គ្រឿង រកបានដោយកីឡាករ មីន មូស្តាន់ លើវិញ្ញាសា Expert Ski GP និងមេដាយប្រាក់ទី២ រកបានដោយកីឡាករ មុីន អូស្មាន់ លើវិញ្ញាសា Amatuer Ski Modified។ សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកពិភពលោក (Jet Ski World Series) ប្រារព្ធធ្វើឡើងដោយមានក្រុមអត្តពលិកមកចូលរួមប្រកួតប្រជែងដណ្តើមមេដាយ (មាស ប្រាក់ សំរឹទ្ធ) មកពី៣ទ្វីប ស្រដៀងទៅនឹងបណ្តាឆ្នាំមុនៗដែរ រីឯការប្រកួតជុំទី២ នឹងប្រារព្ធធ្វើឡើងនៅទ្វីបអាម៉េរិកវិញម្ដង ដោយសហរដ្ឋអាម៉េរិកធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៨-១១ ខែតុលា ឆ្នាំ២០២៦ មុនការប្រកួតជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅទ្វីបអាស៊ី ដោយក្នុងនោះប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២៧។

សូមគូសបញ្ជាក់ផងដែរ តាមរយៈលទ្ធផលនេះ អាចនិយាយបានថា ជាសមិទ្ធផលដ៏ធំធេងបំផុតសម្រាប់កីឡាម៉ូតូទឹកកម្ពុជា ដែលអាចដណ្តើមបានមេដាយមាសរហូតដល់ទៅ៥គ្រឿង និងមេដាយប្រាក់២គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក ខណៈដែលក្រុមអត្តពលិកជំនាញៗធ្វើដំណើរមកពីជុំវិញពិភពលោក ធ្វើការប្រកួតប្រជែងដណ្តើមមេដាយជូនជាតិរៀងៗខ្លួនយ៉ាងស្វិតស្វាញបំផុត។ ដូច្នេះ សង្ឃឹមថា ការប្រកួតបន្ទាប់ទាំងពីរជុំរបស់ក្រុមអត្តពលិកកម្ពុជា (ជុំទី២ និងជុំទី៣) កីឡាករជម្រើសជាតិនៃកីឡាម៉ូតូទឹកកម្ពុជា នឹងធ្វើបានល្អជាថ្មីម្ដងទៀត ដើម្បីលើកមុខមាត់ប្រទេសជាតិយើងឱ្យល្បីរន្ទឺទូទាំងសកលលោក៕









