
រាជធានីភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានសម្រេចបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតាចំនួន៦០ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍)។

មុននេះប៉ុន្មានថ្ងៃ ស្ថានទូតបានប្រកាសម្ដងហើយថាការផ្ដល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥សីហាខាងមុខនេះ តែការសម្រេចចិត្តថ្មីនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីពលរដ្ឋខ្មែរសម្ដែងការប្រតិកម្មខ្លាំង ដោយយល់ឃើញថាការផ្អាកផ្តល់សេវានេះ គឺអាចមានពាក់ព័ន្ធនឹងការធ្វើបាតុកម្មកាលពីថ្ងៃទី១១ ខែសីហារបស់ពលរដ្ឋ និងពលករខ្មែររាប់ម៉ឺននាក់នៅប្រទេសកូរ៉េខាងត្បូងតវ៉ាប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលហៅកាត់ថា CLV។ ជាមួយគ្នានោះ ពួកគេបានចាត់ទុកថាការប្រកាសបិទបញ្ចប់សេវាផ្ដល់លិខិតឆ្លងដែននេះជាការគំរាមកំហែង បំបាក់ស្មារតី និងធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរដែលចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលគម្រោង CLV។
ពាក់ព័ន្ធទៅនឹងសេចក្ដីជូនដំណឹងដំបូងរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានចេញកាលពីថ្ងៃទី២១សីហា ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ (Central) លោក ឌីថេ ហូយ៉ា បានសង្កេតឃើញថាលិខិតគឺមិនបានបញ្ជាក់ហេតុផលមួយណានៅឡើយ ដូច្នេះលោកក៏មិនអាចសន្និដ្ឋានបានដែរថាវាជាវិធានការឆ្លើយតបរបស់រដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើទុក្ខបុកម្នេញពលករដែលចូលរួមធ្វើបាតុកម្ម រឿង CLV ឬយ៉ាងណា។

មន្រ្តីសង្គមស៊ីវិលរូបនេះបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលជារឿយៗដែលពលករទៅធ្វើការនៅប្រទេសឆ្ងាយៗពីកម្ពុជាតែងជួបប្រទះ នៅពេលដេលពួកគេមិនអាចទទួលបានសេវាផ្ដល់លិខិតឆ្លងដែនដូចពលករនៅកូរ៉េ។ លោកសង្កត់ធ្ងន់លើ២ចំណុចធំៗយ៉ាងដូច្នេះថា៖ «ទី១-ប្រសិនបើត្រូវការត្រលប់មកផ្ទះវិញ ការធ្វើដំណើរជិះយន្តហោះទៅមកគឺត្រូវចំណាយរាប់ពាន់ដុល្លារ។ ទី២-ត្រូវចំណាយពេលវេលា ប្រសិនបើពលរដ្ឋខ្មែរឬពលករខ្មែរដែលនៅក្រៅស្រុក ម្នាក់ៗត្រូវចំណាយពេលផងចំណាយលុយផង ថ្លៃហូបចុកគ្រប់យ៉ាង ពោលត្រូវចំណាយលុយច្រើនណាស់ ហើយវាក៏ជាផ្នែក១នៃការខ្ជះខ្ជាយថវិកាដែលមិនចាំបាច់។ ដូច្នេះប្រសិនបើរដ្ឋបានធ្វើវិមជ្ឈការក្នុងការផ្ដល់ឯកសារស្របច្បាប់ទៅតាមប្រទេសគោលដៅ ខ្ញុំគិតថានឹងកាត់បន្ថយនូវការចំណាយដែលវាជាផ្នែកមួយជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិដែរ»។
យ៉ាងណាមិញ លោក ឌីថេ ហូយ៉ា បានសរសើររាជរដ្ឋាភិបាលដែលកន្លងមកមានគោលនយោបាយសម្រួលឱ្យពលរដ្ឋទទួលបាននូវភាពងាយស្រួល។ លោកក៏បានលើកទឹកចិត្ត និងផ្តល់ជាយោបល់ជូនដល់រាជរដ្ឋាភិបាលដែរ ក្នុងការពិចារណាដល់ការផ្ដល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅប្រទេសគោលដៅ មិនថាតែប្រទេសកូរ៉េឬថៃនោះទេ ព្រោះវាជាការអនុវត្តគោលនយោបាយមួយដ៏ត្រឹមត្រូវសម្រាប់ការឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ។

យ៉ាងណាក្ដី សេចក្ដីប្រកាសចុងក្រោយបំផុតបានបញ្ជាក់ពីមូលហេតុនៃការបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតាចំនួន៦០ថ្ងៃទៀត ដោយស្ថានទូតបានអះអាងថា៖ «យោងតាមការវាយតម្លៃទៅលើចំនួននៃការដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែន របស់ពលរដ្ឋខ្មែរនៅមិនទាន់សម្រេចបានទៅតាមចំនួនដែលបានរំពឹងទុកនៅឡើយ ស្របពេលដែលបងប្អូនពលរដ្ឋខ្មែរយើង នៅតែបន្តអញ្ជើញមកដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ ដូច្នេះស្ថានទូតក៏បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្តសេវាផ្តល់លិខិតឆ្លងដែននេះ មួយរយៈទៀត»។
ពលរដ្ឋខ្មែររស់នៅកូរ៉េម្នាក់ លោកស្រី អ៊ាន សុធា យល់ថាទោះបីការផ្អាកឬបន្តដោយសារហេតុផលយ៉ាងណាក៏ដោយក្ដី ប៉ុន្ដែវាហាក់ដូចមិនពាក់ព័ន្ធនឹងការធ្វើបាតុកម្មពលរដ្ឋខ្មែរតវ៉ាប្រឆាំងនឹងគម្រោង CLV ទេ។ លោកស្រីនិយាយថា៖ «តាមការពិតទៅដំបូងរដ្ឋាភិបាលថាផ្តល់សេវាឱ្យតែ៤ខែផង ក្រោយមកទើបថែម៣ខែឱ្យទៀត ចឹងដូចមិនពាក់ព័ន្ធ CLV អីទេ។ ម្យ៉ាងទៀត ស្ថានទូតជូនដំណឹងតាំងពីខែឧសភា ឆ្នាំ២០២៤មកម៉្លេះ ពោលគឺមុនព្រឹត្តិការណ៍១១សីហាទៅទៀត»។

គួរបញ្ជាក់ដែរថា ការផ្អាកសេវាផ្តល់លិខិតឆ្លងដែនធម្មតានេះគឺដោយសារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជានៅក្រៅប្រទេសដែលចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ព្រមទាំងបង្កើតកុងស៊ុល បន្ថែមនៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេង។ ដូច្នេះស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានចាប់ផ្តើមបើកដំណើរការនូវសេវាដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនធម្មតាច្បាប់ថ្មីជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ដោយចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
ដោយឡែក ការផ្ដល់សេវានេះមិនមែនជាការធ្វើអចិន្ត្រៃយ៍នោះឡើយ។ ដំបូងឡើយគ្រោងធ្វើត្រឹមរយៈពេល៤ខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ប៉ុន្តែក្រោយពេលការផ្ដល់សេវា៤ខែរួចទៅ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនទៀតមិនទាន់បានធ្វើនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលជាពលរដ្ឋខ្មែរនៅកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក៏បានសម្រេចពន្យារពេលផ្តល់សេវានេះរយៈពេល៣ខែបន្ថែមទៀត៕






