
រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាមានប្រជាជនប្រមាណជាង១៧លាននាក់ ក្នុងឆ្នាំ២០២៤ ហើយចំនួននេះ នឹងកើនដល់២៤លាននាក់នៅក្នុងឆ្នាំ២០៥០។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសារលិខិតអបអរទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១កក្កដា ឆ្នាំ២០២៦…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា របាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាមានប្រជាជនចំនួន១៧,៣លាននាក់។ ក្នុងនោះ ប្រជាជនវ័យក្រោម១៥ឆ្នាំ មានជិត២៧ភាគរយ វ័យ១៥-៣៤ឆ្នាំ មានជាង៣៤ភាគរយ វ័យ៣៥-៦៤ មានជាង៣២ភាគរយ និងវ័យ៦៥ឆ្នាំឡើង មានជាង៦ភាគរយ។ ទិន្នន័យនេះ បង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជន គឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាពធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្ដល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខសង្គមនាពេលអនាគត។

បន្ថែមលើនេះ យោងតាមទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល២៤លាននាក់នៅឆ្នាំ២០៥០។ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ នឹងថយចុះដល់២១,៨ភាគរយ ប្រជាជនវ័យ១៥-៣៤ឆ្នាំ នឹងថយចុះដល់២៨,២ភាគរយ ខណៈដែលប្រជាជនវ័យ៣៥-៦៤ឆ្នាំ នឹងកើនដល់៣៧,២ភាគរយ ហើយប្រជាជនវ័យ៦៥ឆ្នាំឡើង នឹងកើនដល់១២,៧ភាគរយ។ សម្ដេចនាយករដ្ឋមន្រ្តី អះអាងថា ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺ«ឥឡូវនេះ»។ សម្ដេចមានប្រសាសន៍ថា បើយើងខកខានមិនបានផ្តល់ឱកាស និងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន យើងនឹងប្រឈមបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុកសេដ្ឋកិច្ច និងសង្គមដោយសារកំណើនប្រជាជនវ័យចាស់។

សម្ដេចធិបតីសង្កត់ធ្ងន់ថា៖«អនាគតរបស់កម្ពុជា នឹងត្រូវបានកំណត់ដោយគុណភាពនៃការវិនិយោគលើប្រជាជនវ័យក្មេង និងប្រជាជននៅថ្ងៃនេះ»។ ដូច្នេះ ប្រសិនបើយើងអាចផ្តល់ឱកាសអប់រំ សុខភាព ការងារ និងបរិយាកាសសង្គមដែលសមស្រប ប្រជាជនវ័យក្មេងកម្ពុជា នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យអភិវឌ្ឍរយៈពេលវែង ក្លាយជាប្រទេសមានចំណូលខ្ពស់ និងជាសង្គមមួយដែលមានភាពធន់ប្រជាជនប្រកបដោយសាមគ្គីភាព សមធម៌ និងចីរភាព។ ក្នុងន័យនេះ សម្ដេចធិបតីអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងការលើកកម្ពស់សក្តានុពលប្រជាជនកម្ពុជា ជាពិសេស ប្រជាជនវ័យក្មេង ដើម្បីធានាថា ក្ដីសង្ឃឹម និងបំណងប្រាថ្នារបស់ពួកគាត់ នឹងក្លាយជាការពិតសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់សហគមន៍ សម្រាប់សង្គម និងសម្រាប់អនាគត ដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា៕




