
ក្រុងប៉ោយប៉ែត៖ ទីក្រុងកាស៊ីណូដ៏ល្បីល្បាញមួយរបស់កម្ពុជា នៅភាគខាងលិច ដែលធ្លាប់តែមានមនុស្សម្នាចម្រុះជាតិសាសន៍ដើរកុះករមូលមីពេញផ្លូវ ស្ទើររកខ្យល់ដកដង្ហើមមិនរួច ពេលនេះ បែរជាមកស្ងាត់ជ្រងំ គ្មានភ្ញៀវបរទេសមកលេងកម្សាន្ត និងមកលេងល្បែងកាស៊ីណូដូចពេលមុនៗទៀតឡើយ ចាប់តាំងពីយោធាថៃបើកការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា និងការចុះប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញស្កេមពីសំណាក់អាជ្ញាធរសមត្ថកិច្ច...។

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតមួយចំនួនធំ បានត្អូញត្អែអំពីការធ្លាក់ចុះយ៉ាងគំហុកនៃការប្រកបមុខរបបរកស៊ីរបស់ពួកគាត់ នោះក៏ព្រោះតែគ្មានភ្ញៀវបរទេសចេញ-ចូលដូចមុន ឯព្រំដែនកម្ពុជា-ថៃក៏ត្រូវបានបិទ ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងទីក្រុងដ៏ទំនើបស៊ីវិល័យមួយនេះ ជួបនូវការលំបាកជាខ្លាំង។ អាជីវករលក់ដូរនៅផ្សារអគ្គៈ និងផ្សារត្រី បានថ្លែងប្រាប់ SBM News ឱ្យដឹងថា បច្ចុប្បន្ន អាជីវករលក់ដូរបានតែប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតខ្លួនឯងប៉ុណ្ណោះ សម្រាប់ភ្ញៀវបរទេសវិញ គឺមិនមានទៀតទេ ចាប់តាំងពីយោធាថៃបើកការវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជា និងជាពិសេស ការចុះបង្ក្រាបស្កេមអនឡាញ (អនឡាញខ្មៅ) ដែលរត់មកពួនជ្រកក្នុងក្រុងប៉ោយប៉ែត ពីសំណាក់អាជ្ញាធរសមត្ថកិច្ចដ៏ក្ដៅគគុកកន្លងមក បានធ្វើឱ្យអាជីវកម្មស្របច្បាប់ដូចជា កាស៊ីណូលេងផ្ទាល់, កាស៊ីណូអនឡាញ និងអាជីវកម្មហ្គេមអនឡាញ (អនឡាញ-ស) ដទៃទៀតត្រូវដួលរលំ ព្រោះភ្ញៀវបរទេសទាំងនោះ ភ័យខ្លាចមិនហ៊ាននៅលេងល្បែងក្នុងក្រុងប៉ោយប៉ែតឡើយ។

ចំណែក បងប្អូនអាជីវករលក់ដូរផ្សេងទៀតនៅតំបន់ដើមស្រល់ បានឱ្យដឹងថា មុនផ្ទុះសង្គ្រាមកើតឡើង ពួកគាត់ធ្លាប់លក់ដូរដាច់ណាស់ ព្រោះមានភ្ញៀវបរទេសចម្រុះជាតិសាសន៍ដើរលេង និងទិញអីវ៉ាន់ពេញៗតូប ក្នុងមួយថ្ងៃៗ ដោយមានទាំងភ្ញៀវទេសចរមកលេងកម្សាន្តផង និងជនបរទេសជាបុគ្គលិកបម្រើការងារនៅកាស៊ីណូផង។ ពួកគេតែងតែមកទិញអីវ៉ាន់ជាសម្លៀកបំពាក់ អាហារហូបចុក និងជួបជុំគ្នាទទួលទានអាហារពេលយប់យ៉ាងគគ្រឹកគគ្រេង ពោលគឺពលរដ្ឋខ្មែរអាចធ្វើអាជីវកម្មរបស់ខ្លួន២៤ម៉ោងលើ២៤ម៉ោង ជួយឱ្យការប្រកបអាជីវកម្មបានគ្រប់ប្រភេទទាំងអស់ ប៉ុន្តែពេលនេះ ជនបរទេសទាំងនោះ (ភ្ញៀវ និងបុគ្គលិកកាស៊ីណូ) បានវិលត្រឡប់ទៅស្រុកកំណើតវិញព្រោះភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈខ្លះទៀតត្រូវអាជ្ញាធរចាប់ខ្លួនបន្ទាប៉ពីពួកគេជាប់ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញស្កេម ឯខ្លះសុំឈប់ធ្វើការតែម្ដង ព្រោះតែភ័យខ្លាចនឹងការបាញ់ប្រហាររបស់យោធាថៃ ដែលបានបើកការឈ្លានពានលើប្រទេសកម្ពុជា នាពេលកន្លងមក។

កត្តាទាំងនេះហើយ ធ្វើឱ្យទីក្រុងប៉ោយប៉ែតបច្ចុប្បន្នដែលធ្លាប់ល្បីឈ្មោះជាទីក្រុងម៉ាកាវទីពីរនៅកម្ពុជា ប្រែក្លាយមកជាទីក្រុងស្ងាត់ជ្រងំវិញ ហើយក៏មិនដឹងថា ថ្ងៃណា មានមនុស្សម្នាដូចមុនវិញដែរ ខណៈវិបត្តិព្រំដែននៅបន្តអូសបន្លាយបែបនេះ។ នេះជាការលើកឡើងរបស់ក្រុមអាជីវករលក់ដូរនៅតំបន់កាស៊ីណូក្រុងប៉ោយប៉ែត។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែផ្តល់ក្ដីសង្ឃឹមលើរាជរដ្ឋាភិបាលកម្ពុជា ថាអាចនឹងដោះស្រាយវិបត្តិនេះជូនប្រជាពលរដ្ឋរស់នៅទីក្រុងប៉ោយប៉ែត បានមិនខាន។ ជាមួយគ្នា ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសថៃ ទោះបីជាយោធាថៃបច្ចុប្បន្នកំពុងគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិ តែការជ្រើសយកយន្តការដោះស្រាយដោយការចរចា គឺជាជម្រើសមួយដ៏ល្អបំផុត ដែលអាចបញ្ចៀសបាននូវការផ្ទុះអាវុធ នាំឱ្យមានការបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងយោធាទាំងសងខាង៕ រាយការណ៍ដោយ៖ ឈុន មករា









