ទាហានជើងទឹកកូរ៉េខាងត្បូងបាត់ខ្លួនក្បែរព្រំដែនទឹកកូរ៉េខាងជើង ត្រូវបានប្រទះឃើញសព
ហៀប ស៊ីថេត
13 កក្កដា 2026 12:30 PM

រដ្ឋធានីសេអ៊ូល៖ កងទ័ពជើងទឹកកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃចន្ទទី១៣ ខែកក្កដានេះថា ពួកគេបានរកឃើញសាកសពកងទ័ពជើងទឹកម្នាក់នៅឆ្នេរសមុទ្ទខាងកើត មួយថ្ងៃបន្ទាប់ពីយោធារូបនេះបានបាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែនទឹក មិនផ្លូវការរវាងប្រទេសកូរ៉េទាំង២...។

រូបភាពតំណាង
រូបភាពតំណាង

អាជ្ញាធរកូរ៉េខាងត្បូង បានបើកប្រតិបត្តិការស្វែងរកខ្នាតធំមួយ ដោយប្រើប្រាស់នាវាចំនួន១០គ្រឿង និងយន្តហោះ នាថ្ងៃអាទិត្យ បន្ទាប់ពីកងទ័ពជើងទឹករូបនោះមិនបានមកបង្ហាញខ្លួនចូលធ្វើការ ខណៈនាវាកំពុងបំពេញបេសកកម្មល្បាតនៅក្បែរខ្សែបន្ទាត់ព្រំដែនទឹក ជាព្រំដែនសមុទ្ទមិនផ្លូវការវាងប្រទេសកូរ៉េក្បែរខាងទាំង២។ កងទ័ពជើងទឹកកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖«នាវាល្បាតមួយគ្រឿង ដែលចូលរួមក្នុងប្រតិបត្តិការស្វែងរក បានប្រទះឃើញកងទ័ពជើងទឹក ដែលបាត់ខ្លួននោះនៅម៉ោង៥ៈ៥៨នាទីព្រឹកថ្ងៃចន្ទ ក្នុងចម្ងាយប្រហែល៥២គីឡូម៉ែត្រ ភាគខាងកើតទីក្រុងហ្គូជីន (Geojin)»។

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ភាគីកូរ៉េខាងត្បូង បានស្នើឱ្យកូរ៉េខាងជើងជួយស្វែងរក ព្រោះបារម្ភថា ជនរងគ្រោះអាចនឹងអណ្តែតឆ្លងព្រំដែន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតប ឬព័ត៌មានថ្មីណាមួយពីកូរ៉េខាងជើងឡើយ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍ថា ករណីកងទ័ពជើងទឹកដែលបានស្លាប់នោះ នឹងត្រូវស៊ើបអង្កេតរួមគ្នាដោយប៉ូលិសស៊ីវិល និងក្រុមស៊ើបអង្កេតយោធា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត