
រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក អាន យូប៊ែក (Ahn Gyu-back) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហ្ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) ក្នុងជំនួបពិភាក្សាទ្វេភាគី នៅថ្ងៃទី២៨មិថុនានេះ ដោយបានរួមគ្នាប្រកាសប្ដេជ្ញាចិត្តជាថ្មីក្នុងការជំរុញការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ...។

ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី និងត្រីភាគីរួមជាមួយសហរដ្ឋអាម៉េរិក ដើម្បីរួមគ្នាទប់ទល់នឹងការគំរាមកំហែងផ្នែកនុយក្លេអ៊ែរដែលកំពុងកើនឡើងពីសំណាក់កូរ៉េខាងជើង ព្រមទាំងការរីកដុះដាលនៃសម្ព័ន្ធភាពយោធារវាងរដ្ឋធានីព្យុងយ៉ាង និងរដ្ឋធានីម៉ូស្គូ។ លើសពីនេះ ភាគីទាំងពីរព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការលើប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិគ្មានមនុស្សបើក ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនផងដែរ។

ទន្ទឹមនឹងការផ្តោតលើបញ្ហានុយក្លេអ៊ែរ រដ្ឋធានីសេអ៊ូល និងរាជធានីតូក្យូ ក៏បានព្រមព្រៀងគ្នាស្ដារឡើងវិញនូវសមយុទ្ធស្វែងរកនិងជួយសង្គ្រោះលើផ្ទៃសមុទ្ទរួមគ្នា ដែលជាការបើកទំព័រប្រវត្តិសាស្ត្រយោធាថ្មីមួយក្នុងរយៈពេលជិតមួយទសវត្សរ៍ ក្នុងគោលបំណងកសាងទំនុកចិត្ត និងជម្នះរាល់ជម្លោះប្រវត្តិសាស្ត្រកន្លងមករវាងប្រទេសជិតខាងទាំងពីរ ដើម្បីរក្សាស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់អាស៊ីបូព៌ា៕



