
រដ្ឋធានីសេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសជាផ្លូវការ នៅថ្ងៃទី២៦ ខែមិថុនានេះថា ប្រទេសរបស់ខ្លួននឹងពង្រីកសមត្ថភាពដ្រូនយោធា និងប្រព័ន្ធប្រឆាំងដ្រូន ដោយក្នុងនោះ រួមមានទាំងផែនការបណ្ដុះបណ្ដាល «យុទ្ធជនដ្រូន» (Drone warriors) រហូតដល់៥០ម៉ឺននាក់ផងដែរ។

យោងតាមផែនការយុទ្ធសាស្ត្រថ្មីនេះ កងទ័ពកូរ៉េខាងត្បូងមានបំណងបញ្ជាទិញដ្រូនដែលមានតម្លៃថោកឱ្យបានច្រើនជាង២ម៉ឺនគ្រឿង។ លើសពីនេះ ក្រសួងការពារជាតិក៏បានកំណត់ទិសដៅផលិតដ្រូនយោធាចំនួន១១ម៉ឺនគ្រឿងបន្ថែមទៀត ដើម្បីចែកចាយទៅតាមបណ្តាអង្គភាពទ័ពនានានៅទូទាំងប្រទេស។

ការផ្លាស់ប្ដូរយុទ្ធសាស្ត្រងាកមកពង្រឹងកម្លាំងយោធាគ្មានមនុស្សបើកយ៉ាងគំហុកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងខ្នាតធំរបស់កូរ៉េខាងត្បូង ក្នុងការទប់ទល់និងឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងពីសំណាក់កូរ៉េខាងជើង។ កូរ៉េខាងត្បូង អះអាងថា កន្លងមក កូរ៉េខាងជើងធ្លាប់បានលួចបញ្ជូនដ្រូនឈ្លបយកការណ៍ ចូលមកក្នុងដែនអាកាសកូរ៉េខាងត្បូង ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រព័ន្ធការពារជាតិជួរមុខរបស់កូរ៉េខាងត្បូង៕






