
រដ្ឋធានីប៉េកាំង៖ តំបន់ភាគនិរតី និងភាគកណ្ដាលនៃប្រទេសចិន កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិផ្ទួនៗ ទាំងគ្រោះទឹកជំនន់ និងរញ្ជួយដី បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១១នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀត ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលមានសមុវត្ថិភាពបន្ទាន់...។

បើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ហេតុការណ៍ដ៏សោកសង្រេងមួយបានកើតឡើងនៅក្នុងតំបន់ស្វយ័តក្វាងស៊ី (Guangxi) ដោយរថយន្តភីកអាប់ (Pickup) មួយគ្រឿងដឹកអ្នកដំណើរ១៥នាក់ បានធ្លាក់ចូលទៅក្នុងទន្លេដែលកំពុងមានទឹកជំនន់ហូរយ៉ាងគំហុក បណ្ដាលឱ្យមនុស្ស៩នាក់ស្លាប់។ ជនរងគ្រោះទាំងនោះ គឺជាប្រជាកសិករដែលកំពុងធ្វើដំណើរត្រឡប់មកពីដាំដំឡូងជ្វាវិញ ហើយរថយន្តបានជួបគ្រោះថ្នាក់ពេលកំពុងបើកឆ្លងកាត់ស្ពានមួយដែលលិចលង់ដោយសារទឹកជំនន់។ ក្នុងថ្ងៃដដែលនោះ តំបន់ក្វាងស៊ីក៏បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រថែមទៀត ដែលបានសម្លាប់មនុស្ស២នាក់ និងបង្ខំឱ្យពលរដ្ឋជាង៧ពាន់នាក់ត្រូវរត់ភៀសខ្លួន។

ទន្ទឹមនឹងនេះ ស្ថានភាពភ្លៀងធ្លាក់ខ្លាំងបានរំកិលទៅបោកបក់ខេត្តភាគកណ្ដាល និងភាគខាងកើតដូចជា ខេត្តជាំងស៊ី (Jiangxi), ហ៊ូណាន (Hunan) និងហឺប៉ី (Hubei)។ នៅក្នុងទីក្រុងយីចាង Yichang នៃខេត្តហឺប៉ី កម្រិតទឹកភ្លៀងបានធ្លាក់បំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្នុងរយៈពេល៣៦ឆ្នាំ ធ្វើឱ្យអាជ្ញាធរចិនសម្រេចបិទតំបន់ទេសចរណ៍ និងផ្អាកការសិក្សាក្រៅថ្នាក់។ ដោយឡែក ទីក្រុងជីងចូវ Jingzhou ក៏បានប្រកាសផ្អាកការងារ និងអាជីវកម្មទាំងស្រុងជាបណ្ដោះអាសន្ន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់។ មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានព្រមានថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃបន្ថែមទៀត ដែលអាចបង្កជាជំនន់ទឹកភ្លៀង និងការរអិលបាក់ដីនៅតាមតំបន់ភ្នំ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕




