
រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសអាសន្នជាបន្ទាន់មួយ នៅថ្ងៃសៅរ៍ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ដោយព្រមានពីឥទ្ធិពលព្យុះរដូវក្ដៅដ៏កាចសាហាវ ដែលនឹងវាយប្រហារខេត្តចំនួន៥៧នៅទូទាំងប្រទេស រួមទាំងរាជធានីបាងកកផងដែរ ខណៈស្ថានភាពអាកាសធាតុនេះ អាចបង្កឱ្យមានគ្រោះទឹកជំនន់ដោយចៀសមិនរួច។

យោងតាមការព្យាករ តំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសថៃ នឹងរងឥទ្ធិពលខ្លាំងជាងគេ។ ភាពមិនប្រក្រតីនៃអាកាសធាតុនេះ បណ្ដាលមកពីការជួបគ្នារវាងសម្ពាធខ្យល់ត្រជាក់មកពីប្រទេសចិន និងខ្យល់ក្ដៅដែលកំពុងគ្របដណ្ដប់លើផ្ទៃប្រទេស។ ភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង នឹងគ្របដណ្ដប់រហូតដល់៧០ភាគនៃផ្ទៃដីក្នុងតំបន់ភាគខាងជើង និងភាគកណ្តាល។

ចំណែក បាតុភូតធ្លាក់ដុំព្រិលទឹកកក អាចកើតមាននៅតាមបណ្តាខេត្តមួយចំនួន ដូចជា ឈៀងម៉ៃ (Chiang Mai) ឈៀងរ៉ៃ (Chiang Rai) និងឡាំភូន (Lamphun)។ ចំណែក បរិមាណទឹកភ្លៀងដែលធ្លាក់ជោកជាំខ្លាំង អាចបង្កជាជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីភ្នំ ជាពិសេសនៅតំបន់ជើងភ្នំ និងតំបន់ទំនាប។ រីឯនៅតំបន់ភាគខាងត្បូង និងឈូងសមុទ្ទថៃ រលកសមុទ្ទអាចមានកម្ពស់លើស២ម៉ែត្រ៕



