
រដ្ឋធានីញ៉ូវដេលី៖ ចំនួនអ្នកបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយខ្យល់ព្យុះ កន្ត្រាក់ និងរន្ទះបាញ់ នៅក្នុងរដ្ឋយូតាប្រាដេស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា បានហក់ឡើងដល់១១១នាក់ បន្ទាប់ពីអាជ្ញាធរទទួលបានរបាយការណ៍បន្ថែមពីតាមបណ្ដាស្រុកនានា។ ខ្យល់ព្យុះដ៏សាហាវដែលបានកើតឡើង កាលពីថ្ងៃទី១៣ ខែឧសភា មិនត្រឹមតែបង្កឱ្យមានអ្នកស្លាប់យ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្ដាលឱ្យមនុស្ស៧២នាក់រងរបួស និងផ្ទះសម្បែងជាង២០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ...។

ស្ថានភាពនេះ បានក្លាយជាសោកនាដកម្មដ៏ធំមួយសម្រាប់រដ្ឋដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងប្រទេសឥណ្ឌា (ប្រមាណ២៤០លាននាក់) ខណៈបណ្ដាញសារព័ត៌មានក្នុងស្រុកខ្លះ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចកើនឡើងដល់១១៧នាក់ឯណោះ។ ក្នុងចំណោមហេតុការណ៍ដ៏គួរឱ្យរន្ធត់ជាច្រើន មានករណីបុរសម្នាក់ឈ្មោះ ណាញ៉េ អានសារី (Nanhe Ansari) ដែលជាកម្មករសំណង់ម្នាក់ត្រូវបានខ្យល់កន្ត្រាក់បក់ប៉ើងទៅលើអាកាសរហូតដល់១៥ម៉ែត្រ ហើយត្រូវខ្យល់បក់ទៅចម្ងាយប្រហែល ២៤ម៉ែត្រ មុននឹងធ្លាក់ចុះមកវិញចូលទៅលើចម្ការពោតលិចទឹក ទើបអាចរួចផុតពីសេចក្តីស្លាប់។

យោងតាមការបញ្ជាក់ពីការិយាល័យឧតុនិយមឥណ្ឌា គ្រោះធម្មជាតិដ៏សាហាវនេះ គឺជាសកម្មភាពនៃព្យុះមុនរដូវវស្សា ដែលបណ្ដាលមកពីអស្ថិរភាពនៃស្រទាប់បរិយាកាស។ អ្នកជំនាញបានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុដ៏សាហាវបែបនេះ រួមមាន៖ ទាំងរន្ទះបាញ់ និងព្យុះផ្គររន្ទះ កំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ ដែលវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការកើនឡើងនៃកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុសកល។ បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌា បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធប្រញាប់ប្រញាល់បែងចែកជំនួយហិរញ្ញវត្ថុដល់គ្រួសារជនរងគ្រោះ ដើម្បីសម្រាលទុក្ខលំបាកក្នុងគ្រាដ៏ខ្មៅងងឹតនេះ៕




