
រាជធានីបាងកក៖ អាជ្ញាធរក្នុងខេត្តខនកែន ប្រទេសថៃ ប្រឹងពន្លឿនការផ្ដល់ជំនួយដល់ក្រុមគ្រួសារជាង៣៥០គ្រួសារ បន្ទាប់ពីខ្យល់ព្យុះរដូវក្ដៅបានបោកបក់ពេញមួយយប់ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បណ្ដាលឱ្យមានការខូចខាតយ៉ាងដំណំ។ អាជ្ញាធរថៃ បានជំរុញឱ្យមានការបញ្ជាទៅកាន់គ្រប់ស្រុកទាំងអស់ឱ្យកំណត់តំបន់សុវត្ថិភាព និងជម្លៀសប្រជាពលរដ្ឋចេញពីទីតាំងដែលមានហានិភ័យខ្ពស់ ខណៈអាកាសធាតុនៅតែបន្តប្រែប្រួលមិនស្ថិតស្ថេរ...។

លោក ពិជ័យ វ៉ាន់តា (Pichai Wanta) អភិបាលស្រុកមឿខនកែន បានអះអាងថា ក្រុមឆ្លើយតបគ្រោះមហន្តរាយបន្ទាន់ និងបុគ្គលិកស្ម័គ្រចិត្ត កំពុងសម្របសម្រួលជាមួយអង្គការរដ្ឋបាលមូលដ្ឋាននៅទូទាំង១៧សង្កាត់ ដើម្បីចុះពិនិត្យការខូចខាត និងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ខ្យល់ព្យុះនេះ បាននាំឱ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលឱ្យខូចខាតផ្ទះសម្បែងនៅតំបន់ជាច្រើន។ តាមការវាយតម្លៃបឋមបានបង្ហាញថា គ្រាន់តែនៅក្នុងឃុំដុនហាន (Don Han) តែមួយ មានផ្ទះជាង២០០ខ្នងត្រូវបានខូចខាត។

លោក ពិជ័យ បានបញ្ជាក់ថា៖«ជារួម នៅក្នុងស្រុកមឿងខនកែន មានគ្រួសារជាង៣៥០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺនៅឃុំដុនអាន។ ចំណែកនៅតំបន់ទីប្រជុំជន ការខូចខាតមានកម្រិតតិចតួច ដែលភាគច្រើនមានការដួលរលំស្លាកសញ្ញា ផ្ទាំងប៉ាណូ ដើមឈើដួលរាំងស្ទះផ្លូវ និងដួលបង្គោលអគ្គិសនីជាដើម»។ បច្ចុប្បន្ន សាលាក្រុង និងរដ្ឋបាលសង្កាត់ ទទួលបានបទបញ្ជាឱ្យបញ្ជូនរបាយការណ៍វាយតម្លៃការខូចខាតទៅកាន់ការិយាល័យស្រុក ដើម្បីសម្របសម្រួលការផ្ដល់ជំនួយស្របតាមបទបញ្ញត្តិរបស់ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការបន្ថែមពីកាកបាទក្រហមផងដែរ។

អាជ្ញាធរនៅគ្រប់សង្កាត់ និងសាលាក្រុងខនកែន បានរៀបចំទីតាំងសុវត្ថិភាពដែលបានកំណត់ទុក ដើម្បីធ្វើជាមជ្ឈមណ្ឌលជម្លៀស និងជម្រកបណ្តោះអាសន្ន ខណៈមន្ត្រីប្រចាំការ រួមទាំងជំនួយការអភិបាលស្រុក ត្រូវបានដាក់ឱ្យត្រៀមលក្ខណៈ២៤ម៉ោងលើ២៤ម៉ោង ដើម្បីផ្តល់ជំនួយជាបន្ទាន់ក្នុងករណីមានខ្យល់ព្យុះបោកបក់បន្ថែមទៀត។ សូមជម្រាបថា ថ្មីៗនេះ ផ្ទាំងប៉ាណូខ្លោងទ្វារដ៏ធំមួយនៅឯពិធីប្រគំតន្រ្តី ក្នុងខេត្តសារៈបុរី (Saraburi) ប្រទេសថៃ បានបាក់រលំក្នុងអំឡុងពេលមានព្យុះ ភ្លៀង និងខ្យល់កន្រ្តាក់ ដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស១១នាក់ទៀតរងរបួសធ្ងន់ស្រាល៕



