
រដ្ឋធានីប៉ារីស៖ រលកកម្តៅមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ បានបង្កជាគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរនៅអឺរ៉ុប។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសបារាំង បែលហ្ស៊ិក អេស្ប៉ាញ និងហូឡង់ បានរាយការណ៍ថា មានមនុស្សជិត៥០០០នាក់ បានស្លាប់ដោយសាររលកកម្តៅនេះ...។

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា រលកកម្តៅដ៏សាហាវនេះ គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលបានរំខានដល់ការផលិតអគ្គិសនី និងធ្វើឱ្យប្រព័ន្ធសុខាភិបាលអឺរ៉ុបធ្លាក់ក្នុងស្ថានភាពអាសន្ន។ នៅប្រទេសបារាំង មានមនុស្ស ២០២៥នាក់ស្លាប់ ដោយក្នុងនោះ មនុស្សអាយុលើសពី៤៥ឆ្នាំ រងគ្រោះខ្លាំងជាងគេ។ អ្វីដែលគួរឱ្យតក់ស្លុតនោះ គឺអត្រាអ្នកស្លាប់នៅតាមគេហដ្ឋានបានហក់ឡើងរហូតដល់ ៩១ភាគរយ បើប្រៀបធៀបនឹងសប្តាហ៍មុន។ ចំណែក ប្រទេសបែលហ្ស៊ិក មានអ្នកស្លាប់១២០០នាក់។ ក្រសួងសុខាភិបាលបែលហ្ស៊ិកបានប្រកាសថា ចំនួនមរណភាពនេះ ជាមហន្តរាយមិនធ្លាប់មានទាល់តែសោះក្នុងប្រវត្តិសាស្ត្រ។

ដោយឡែក ប្រទេសអេស្ប៉ាញ មានអ្នកស្លាប់ជាង១០០០នាក់ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺកើនឡើងជាង៣ដង បើធៀបនឹងអត្រាមធ្យមប្រចាំខែ ចាប់តាំងពីឆ្នាំ២០១៥មក។ ក្រៅពីនេះ ប្រទេសហូឡង់ មានអ្នកស្លាប់ចំនួន៤៨០នាក់ ដោយភាគច្រើនជាមនុស្សចាស់ ដែលមានអាយុលើសពី៨០ឆ្នាំ។ អ្នកស្លាប់ជិត៥០០០នាក់ ក្នុងប្រទេសទាំង៤នេះ គ្រាន់តែជាទិន្នន័យបឋមប៉ុណ្ណោះ។ មន្រ្តីសុខាភិបាលអឺរ៉ុបបានព្រមានថា ចំនួនអ្នកបាត់បង់ជីវិត នឹងបន្តកើនឡើងខ្ពស់ជាងនេះ៕



