វិបត្តិអាកាសធាតុអឺរ៉ុប៖ រលកកម្តៅសាហាវស.ម្លា.ប់មនុស្សជិត៥០០នាក់ នៅហុល្លង់
N
Nary Vann
2 ថ្ងៃមុន

រាជធានីអាំស្ទែដាំ៖ អាជ្ញាធរសុខាភិបាលហុល្លង់ កាលពីថ្ងៃទី០២កក្កដាម្សិលមិញ បានប្រកាសឱ្យដឹងថា រលកកម្តៅក្ដៅខ្លាំងមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បានបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ៤៨០នាក់ នៅទូទាំងប្រទេស...។​

យោងតាមរបាយការណ៍ ទិន្នន័យអ្នកស្លាប់បន្ថែមដ៏ច្រើនខុសប្រក្រតីនេះ ត្រូវបានកត់ត្រាទុកនៅអំឡុងថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ហើយជនរងគ្រោះភាគច្រើន គឺក្រុមមនុស្សចាស់ ដែលមានអាយុចាប់ពី៨០ឆ្នាំឡើងទៅ។ តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសហុល្លង់ ដែលជាកន្លែងមានសីតុណ្ហភាពហក់ឡើងខ្ពស់ដាច់គេ រហូតដល់ជិត៤០អង្សាសេ ជាកម្រិតកម្តៅក្ដៅខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ខែមិថុនា នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។​

ស្ថានភាពដ៏ធ្ងន់ធ្ងរនេះ មិនមែនកើតឡើងតែនៅប្រទេសហុល្លង់នោះទេ ដោយកាលពីពេលថ្មីៗនេះ ប្រទេសបារាំង ក៏បានរាយការណ៍ពីចំនួនអ្នកស្លាប់យ៉ាងហោចណាស់១០០០នាក់ផងដែរ ហើយអាជ្ញាធរព្រមានថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះឆ្ងាយ។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា រលកកម្តៅដែលបានចាប់ផ្តើមវាយប្រហារតាំងពីថ្ងៃទី២០ ខែមិថុនាមកនោះ គឺជាព្រឹត្តិការណ៍អាកាសធាតុដ៏ក្ដៅហួតហែង និងខ្លាំងក្លាបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុកនៅទ្វីបអឺរ៉ុប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត