ឪពុកត្រូវបានសម្លា.ប់! មេដឹកនាំកំពូលអ៊ីរ៉ង់ប្ដេជ្ញាសងសឹកនឹងអាម៉េរិក-អ៊ីស្រាអែល
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ លោក ម៉ូចតាបា ខាមេណី (Mojtaba Khamenei) ជាមេដឹកនាំកំពូលអ៊ីរ៉ង់បច្ចុប្បន្ន បានប្រកាសនៅថ្ងៃទី១១កក្កដា ពីការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការសងសឹកដាច់ខាតចំពោះសម្ព័ន្ធមិត្តអាម៉េរិក-អ៊ីស្រាអែល ដែលរួមគ្នាបើកការវាយប្រហារសម្លាប់ឪពុកខ្លួន គឺលោក អាយ៉ាតុលា អាលី ខាមេណី (Ayatollah Ali Khamenei) ជាអតីតមេដឹកនាំកំពូលអ៊ីរ៉ង់។ ការប្រកាសសារដ៏ក្ដៅគគុកនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចប្រទេសអ៊ីរ៉ង់ឱ្យរលាយសូន្យ ប្រសិនបើហ៊ានប៉ុនប៉ងធ្វើឃាតរូបលោក។

រូបលោក អាយ៉ាតុលា អាលី ខាមេណី អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ត្រូវបានដាក់តាំងក្នុងពិធីបុណ្យសពលោក។
រូបលោក អាយ៉ាតុលា អាលី ខាមេណី អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ត្រូវបានដាក់តាំងក្នុងពិធីបុណ្យសពលោក។

តាមរយៈសារលិខិតផ្លូវការលើកដំបូងបង្អស់ចាប់តាំងពីពិធីបុណ្យសពរបស់ឪពុកខ្លួន លោក ម៉ូចតាបា ខាមេណី បានសង្កត់ធ្ងន់ថា៖«ការសងសឹក គឺជាឆន្ទៈរបស់ប្រជាជាតិយើង ហើយវាមិនអាចជៀសរួចឡើយ។ វាមិនអាស្រ័យលើរូបខ្ញុំ ឬមន្ត្រីណាផ្សេងទៀតនោះទេ ទោះបីជាយើងមានវត្តមាន ឬអត់ ក៏ការសងសឹកនេះត្រូវតែវាយបកទៅវិញដែរ»។ លោកបានបន្ថែមថា អ៊ីរ៉ង់បានរៀបចំបញ្ជីឈ្មោះបុគ្គលគោលដៅសម្រាប់ការសងសឹកនេះរួចរាល់ហើយ។

លោក អាលី ខាមេណី (ឪពុក) និងលោក ម៉ូចតាបា (កូន)
លោក អាលី ខាមេណី (ឪពុក) និងលោក ម៉ូចតាបា (កូន)

ចំណែក លោក ដូណាល់ ត្រាំ បានបង្ហោះសារព្រមានយ៉ាងសាហាវនៅលើបណ្តាញសង្គម Truth Social ថា៖«មីស៊ីលចំនួន១ពាន់គ្រាប់កំពុងតម្រង់ចំគោលដៅ និងត្រៀមលក្ខណៈបាញ់ស្រោចទៅកាន់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ហ៊ានធ្វើសកម្មភាពគំរាមកំហែង ឬប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាម៉េរិក ដែលនៅក្នុងករណីនេះ គឺរូបខ្ញុំ! បញ្ជាត្រូវបានដាក់ចេញរួចរាល់ហើយ កងទ័ពអាម៉េរិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំផ្លិចបំផ្លាញ និងកម្ទេចរាល់គ្រប់តំបន់ទាំងអស់របស់អ៊ីរ៉ង់ឱ្យម៉ត់»

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ស្ថានភាពនៅមជ្ឈិមបូព៌ា កំពុងឡើងកម្តៅខ្លាំង ក្រោយលោក ត្រាំ ប្រកាសហែកចោលកិច្ចព្រមព្រៀងឈប់បាញ់ក្ដី ប៉ុន្តែក្រុមអ្នកសម្របសម្រួលអន្តរជាតិកំពុងប្រឹងប្រែងស្រោចស្រង់កិច្ចចរចាការទូតឡើងវិញ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា ប្រតិភូមកពីប្រទេសកាតាបានធ្វើដំណើរទៅដល់រដ្ឋធានីតេហេរ៉ង់ហើយ ដើម្បីដើរតួជាស្ពានចរចា ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) បានទទូចថា រដ្ឋធានីតេហេរ៉ង់បានគោរពតាមកិច្ចព្រមព្រៀងកន្លងមកយ៉ាងខ្ជាប់ខ្ជួន ហើយការចរចានឹងជោគជ័យទៅបាន លុះត្រាតែមានការអនុវត្តប្រកបដោយការគោរពគ្នាទៅវិញទៅមកទាំងសងខាង៕

លោក ត្រាំ និងលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល
លោក ត្រាំ និងលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល
ប្រជាជនអ៊ីរ៉ង់ កាន់រូបលោក មុចតាប៉ា មេដឹកនាំកំពូលរបស់ខ្លួននាពេលបច្ចុប្បន្ន។
ប្រជាជនអ៊ីរ៉ង់ កាន់រូបលោក មុចតាប៉ា មេដឹកនាំកំពូលរបស់ខ្លួននាពេលបច្ចុប្បន្ន។
ពិធីបុណ្យសពលោក អាយ៉ាតុលា អាលី ខាមេណី
ពិធីបុណ្យសពលោក អាយ៉ាតុលា អាលី ខាមេណី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត