
រដ្ឋធានីដាកា៖ រដ្ឋាភិបាលបង់ក្លាដេស បានដាក់ចេញបទបញ្ជាថ្មីមួយនៅថ្ងៃទី៣០ ខែមីនា តម្រូវឱ្យមន្ត្រីរាជការទាំងអស់កាត់បន្ថយការប្រើប្រាស់អគ្គិសនី និងម៉ាស៊ីនត្រជាក់ ក្នុងគោលបំណងសន្សំសំចៃថាមពល ខណៈសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងធ្វើឱ្យវិបត្តិថាមពលសកលកាន់តែអាក្រក់ទៅៗ...។

យោងតាមក្រសួងរដ្ឋបាលសាធារណៈ បង់ក្លាដេសដែលជាប្រទេសអាស៊ីខាងត្បូងមានប្រជាជន១៧០លាននាក់ និងពឹងផ្អែកលើការនាំចូលប្រេង និងហ្គាសរហូតដល់៩៥ភាគរយ កំពុងប្រឈមនឹងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង។ បទបញ្ជាថ្មីនេះតម្រូវឱ្យបិទភ្លើង និងកង្ហារដែលមិនចាំបាច់ទាំងអស់ កំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ត្រឹម២៥អង្សាសេ ឬខ្ពស់ជាងនេះ និងបិទឧបករណ៍អគ្គិសនីភ្លាមៗនៅពេលចាកចេញពីកន្លែងធ្វើការ

ក្រៅពីវិធានការសន្សំសំចៃក្នុងមន្ទីរការងារ រដ្ឋាភិបាលបង់ក្លាដេសក៏បានដាក់កម្រិតលើការទិញប្រេងឥន្ធនៈ បញ្ឈប់ការផលិតនៅរោងចក្រជីភាគច្រើន និងបានដាក់ពង្រាយកម្លាំងប៉ូលិសដើម្បីយាមកាមតាមស្ថានីយប្រេងផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋធានីដាកា កំពុងស្វែងរកខ្ចីប្រាក់ប្រមាណ២ពាន់លានដុល្លារ ពីម្ចាស់ជំនួយពហុភាគី ដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងញាំញីប្រទេសជាតិ៕



