នាយករដ្ឋមន្ត្រីបង់ក្លាដែសថ្មី ស្បថចូលកាន់តំណែង ក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដី
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីដាកា៖ មេដឹកនាំគណបក្សជាតិនិយមបង់ក្លាដែស (BNP) លោក តារីក រ៉ាហ៍ម៉ាន់ (Tarique Rahman) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃអង្គារទី១៧ ខែកុម្ភៈ ដែលនេះជាសញ្ញានៃការផ្លាស់ប្ដូររបបនយោបាយដ៏សំខាន់ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលនៃភាពចលាចលដ៏សាហាវ...។

ពិធីស្បថឡើងកាន់តំណែងរបស់លោក តារីក រ៉ាហ៍ម៉ាន់ 
ពិធីស្បថឡើងកាន់តំណែងរបស់លោក តារីក រ៉ាហ៍ម៉ាន់ 

មានវ័យ៦០ឆ្នាំ លោក តារីក រ៉ាហ៍ម៉ាន់ ត្រូវជាកូនប្រុសរបស់ លោកស្រី ខាលីដា ហ្សៀ (Khaleda Zia) អតីតនាយករដ្ឋមន្ត្រី និងលោក ហ្ស៊ីអ៊ូរ រ៉ាហ៍ម៉ាន់ (Ziaur Rahman) អតីតប្រធានាធិបតីដែលត្រូវបានធ្វើឃាត ដោយឡើងកាន់អំណាច បន្ទាប់ពីគណបក្សរបស់លោកទទួលជ័យជម្នះយ៉ាងច្រើនលើសលប់នៅក្នុងការបោះឆ្នោតសភា។ ក្នុងនាមជាមេដឹកនាំបង់ក្លាដែសថ្មី លោកត្រូវមានអម្រែកលើស្មារធ្ងន់ ដែលជាការស្តារស្ថិរភាពនយោបាយឡើងវិញ ការកសាងទំនុកចិត្តសម្រាប់វិនិយោគិន និងការធ្វើឱ្យវិស័យឧស្សាហកម្មសំខាន់ៗ ដូចជា វិស័យកាត់ដេរ​រស់ឡើងវិញ បន្ទាប់ពីភាពចលាចលបង្កឡើងដោយ «យុវជនជំនាន់ជេនហ្ស៊ី Gen Z» ទាញទម្លាក់រដ្ឋាភិបាល លោកស្រី សេក ហាស៊ីណា (Sheikh Hasina) កាលពីឆ្នាំ២០២៤។

សូមជម្រាបថា កំលុងពេលអន្តរកាល ប្រទេសបង់ក្លាដែសត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក មហាម៉ាដ យូនុស (Muhammad Yunus)។ លោក តារីក រ៉ាហ៍ម៉ាន់ បានស្បថចូលកាន់តំណែង ក្រោមវត្តមានឥស្សរជននយោបាយជាន់ខ្ពស់ អ្នកការទូត មន្ត្រីស៊ីវិល និងយោធា ព្រមទាំងតំណាងមកពីបណ្តាប្រទេសនានា រួមមាន៖ ចិន ឥណ្ឌា និងប៉ាគីស្ថាន។ ការឡើងកាន់តំណែងរបស់លោក រ៉ាហ៍ម៉ាន់ គឺជាការបញ្ចប់នៃដំណើរនយោបាយដ៏វែងឆ្ងាយ និងពោរពេញដោយភាពរកាំរកូស។ «សន្តិភាព ច្បាប់ និងសណ្តាប់ធ្នាប់ ត្រូវតែរក្សាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ..។ យើងនឹងមិនអត់ឱនឱ្យចំពោះភាពចលាចលណាមួយឡើយ» នេះគឺជាសុន្ទរកថា ដ៏មុតស្រួចលើកដំបូងរបស់ លោក រ៉ាហ៍ម៉ាន់ បន្ទាប់ពីការបោះឆ្នោត៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត