
រដ្ឋធានីដាកា៖ គណបក្សជាតិនិយមបង់ក្លាដែស (BNP) បានប្រកាសជ័យជម្នះជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតសកលលើកដំបូង បន្ទាប់ពីចលនាបះបោររបស់យុវជនជេនហ្ស៊ី (Gen Z) ក្នុងឆ្នាំ២០២៤ ដែលបានផ្លាស់ប្ដូរមុខមាត់នយោបាយប្រទេសនេះទាំងស្រុង...។

តាមរយៈការផ្សាយលើបណ្ដាញសង្គម X នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រុមការងារព័ត៌មានរបស់បក្ស BNP អះអាងថា ខ្លួនទទួលបានអាសនៈគ្រប់គ្រាន់ក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលតែឯង បើទោះបីជាគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនទាន់ប្រកាសលទ្ធផលផ្លូវការក៏ដោយ។ យោងតាមប្រភពសារព័ត៌មានក្នុងស្រុកជាច្រើន បានរាយការណ៍ថា បក្ស BNP បានឈានរំលងកម្រិតបង្គោល១៥១អាសនៈ ដែលជាចំនួនភាគច្រើនដាច់ខាតក្នុងចំណោមអាសនៈសរុប៣៥០នៅក្នុងសភាជាតិ ខណៈការបោះឆ្នោតសកលមានអ្នកចូលរួមរហូតដល់ជិត៦០ភាគរយ ក្នុងចំណោមពលរដ្ឋដែលមានសិទ្ធិជាង១២៧លាននាក់។

ជ័យជម្នះនេះ បាននាំមកនូវការផ្លាស់ប្ដូរដ៏ធំ ខណៈបេក្ខភាពនាយករដ្ឋមន្ត្រី គឺ លោក តារីក រ៉ាម៉ាន់ (Tarique Rahman) វ័យ៦០ឆ្នាំ ទើបតែបានវិលត្រឡប់ចូលមាតុភូមិវិញ កាលពីខែធ្នូ ក្រោយការនិរទេសខ្លួននៅរាជធានីឡុងដ៍អស់រយៈពេល១៧ឆ្នាំ។ លោក គឺជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ខាល់ឡេដា ហ្សៀ (Khaleda Zia) ដែលទើបតែទទួលមរណភាព កាលពីចុងឆ្នាំមុន។ បន្ទាប់ពីទទួលបានដំណឹងជោគជ័យនេះ លោក រ៉ាម៉ាន់ បានអំពាវនាវដល់អ្នកគាំទ្រទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ដោយចូលរួមត្រឹមតែការបន់ស្រន់តាមសាសនា និងចៀសវាងការរៀបចំក្បួនដង្ហែអបអរសាទរដែលនាំឱ្យមានភាពវឹកវរ ខណៈគណបក្សសម្ព័ន្ធមិត្ត Jamaat-e-Islami នៅតែបង្ហាញការព្រួយបារម្ភ ចំពោះភាពយឺតយ៉ាវនៃលទ្ធផលផ្លូវការ។ នេះជាការចាប់ផ្តើមថ្មីមួយសម្រាប់បង់ក្លាដែស ក្នុងការរៀបចំរចនាសម្ព័ន្ធនយោបាយឡើងវិញ ក្រោយឆ្លងកាត់វិបត្តិនយោបាយ និងការតវ៉ាដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ៕





