ជំងឺកញ្ជ្រឹលវាយលុកប្រទេសបង់ក្លាដែស ស.ម្លា.ប់កុមារអស់ជាង៥០០នាក់ ក្នុងរយៈពេលត្រឹម២ខែ
N
Nary Vann
24 ឧសភា 2026 08:57 AM

រដ្ឋធានីដាកា៖ យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលបង់ក្លាដែស កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ បានបង្ហាញថា គ្រោះរាតត្បាតនៃជំងឺកញ្ជ្រឹល (Measles) នៅក្នុងប្រទេស បានបណ្ដាលឱ្យកុមារតូចៗបាត់បង់ជីវិតកើនឡើងរហូតដល់៥១២នាក់ហើយ គិតចាប់តាំងពីថ្ងៃទី១៥ ខែមីនាមក។

ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ ដោយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានកុមារចំនួន១៣នាក់ទៀតបានបាត់បង់ជីវិត ដែលនេះគឺជាការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដ៏កាចសាហាវ និងសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ បច្ចុប្បន្ន បណ្ដាមន្ទីរពេទ្យនានានៅក្នុងរដ្ឋធានីដាកា (Dhaka) កំពុងតែរងការគៀបសង្កត់យ៉ាងខ្លាំង ដោយសារតែចំនួនអ្នកជំងឺសម្រាកព្យាបាលមានការកើនឡើងហួសប្រមាណ។ អង្គការយូនីសេហ្វ (UNICEF) បានពន្យល់ថា មូលហេតុចម្បងដែលបណ្ដាលឱ្យមានគ្រោះមហន្តរាយសុខភាពនេះ គឺដោយសារតែចន្លោះប្រហោងនៃការចាក់វ៉ាក់សាំងការពារជំងឺ ដែលបានធ្លាក់ចុះដុនដាបខ្លាំង អំឡុងពេល និងក្រោយពេលមានភាពច្របូកច្របល់នៃចលនាបះបោរទម្លាក់រដ្ឋាភិបាលផ្តាច់ការ កាលពីឆ្នាំ២០២៤កន្លងទៅ ការណ៍នេះ បានបន្សល់ទុកឱ្យកុមាររាប់លាននាក់មិនទទួលបានការការពារ។ ម្យ៉ាងវិញទៀត ក្រុមគ្រូពេទ្យបានកត់សម្គាល់ឃើញថា កុមារដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ភាគច្រើនជាកុមារដែលមកពីគ្រួសារមានប្រាក់ចំណូលទាប និងមានបញ្ហាកង្វះអាហារូបត្ថម្ភ (ស្គមស្គាំង) ធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់ពួកគេចុះខ្សោយខ្លាំងស្រាប់។

រដ្ឋាភិបាលបានសហការជាមួយអង្គការយូនីសេហ្វ ដោយរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនកុមារបានប្រហែល ១៨លាននាក់ ប៉ុន្តែខាងនាយកដ្ឋានសុខាភិបាលបញ្ជាក់ថា ឥទ្ធិពលពេញលេញនៃវ៉ាក់សាំងការពារនេះ ត្រូវចំណាយពេលរាប់ខែទើបអាចដឹងផល មិនអាចទប់ស្កាត់ភ្លាមៗបានឡើយ។ ជំងឺកញ្ជ្រឹល គឺជាជំងឺឆ្លងដ៏កាចសាហាវបំផុតតាមរយៈការក្អក ឬកណ្តាស់ ហើយវាមិនមានថ្នាំព្យាបាលជាក់លាក់នោះទេ នៅពេលដែលឆ្លងរួច។ ផលវិបាកធ្ងន់ធ្ងរនៃជំងឺនេះ រួមមាន៖ ការហើមខួរក្បាល និងបញ្ហាប្រព័ន្ធដកដង្ហើមធ្ងន់ធ្ងរ ដែលភាគច្រើនកើតឡើងលើកុមារមានអាយុចន្លោះពី៦ខែ ដល់៥ឆ្នាំ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត