សភាប្រើភាសាបារាំងដែលមានរាប់សិបប្រទេសជាសមាជិក មូលមតិគ្នាជំរុញឱ្យគោរពបូរណភាពទឹកដីកម្ពុជា [ស្របពេលថៃបន្តឈ្លានពាន]
S
Soriya Sou
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយពិចារណាលើភាពតានតឹងនៅតែបន្តកើតមាននៅតាមព្រំដែនប្រទេសកម្ពុជា-ថៃ សភាប្រើភាសាបារាំង (APF) ដែលមានសភា៥០-៦០ប្រទេសជាសមាជិក បានអំពាវនាវឱ្យមានការគោពរអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងការប្តេជ្ញាចិត្តចំពោះសន្តិភាព។ ការអំពាវរបស់សភាប្រើភាសាបារាំង ធ្វើឡើងតាមរយៈសេចក្ដីសម្រេចចិត្ត ស្ដីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយកិច្ចប្រជុំពេញអង្គនៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ គេអាចនឹងកត់សម្គាល់ឃើញថា ការអំពាវនាវរបស់សភាប្រើភាសាបារាំង គឺស្ថិតក្នុងកាលៈទេសៈដែលថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែន ដូចជា ឈរជើងកាន់កាប់ ស្រាស់បន្លាលួស ដាក់ទូកុងតឺនឺ ជីកលេណដ្ឋាន និងសង់បដិមា ជាដើម។

តាមរយៈសេចក្ដីសម្រេចចិត្តនេះ សភាប្រើភាសាបារាំង បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង និងសកម្មភាពនានាដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែន ក្រោមការកាន់កាប់ដោយប្រទេសថៃ មានជាអាទិ៍៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយោធា, ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងសាសនា, ក៏ដូចជាគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ។ ជាងនេះទៀត សភាប្រើភាសាបារាំង បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិល ក៏ដូចជាការប៉ះពាល់ ឬការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជាកេរមរតករួមរបស់មនុស្សជាតិ តាមរបៀបមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែង និងការផ្សះផ្សាជាតិ។

កងកម្លាំងថៃ រាយបន្លាលួសព័ទ្ធយកដីកម្ពុជា
កងកម្លាំងថៃ រាយបន្លាលួសព័ទ្ធយកដីកម្ពុជា

សភាប្រើភាសាបារាំង បានអំពាវនាវឱ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការគោរពតាមការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តភាព នៅតាមបណ្តោយព្រំដែន និងការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែលអាចបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។ ជាងនេះទៅទៀត សភាប្រើភាសាបារាំង អំពាវនាវឱ្យមានការគោរពបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ និងអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង បន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ។

ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ សភាប្រើភាសាបារាំង គាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត តាមរយៈយន្តការទ្វេភាគីទាំងអស់ដែលបានបង្កើតឡើង ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ សភាប្រើភាសាបារាំង ចង់ឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត