
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការផ្ដួចផ្ដើមរបស់អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន (Mekong Land) និងលោកជំទាវ ហេង ចិន្ដា បានឧបត្ថម្ភជូនអង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា (H.O.P.E Cambodia) ដើម្បីរៀបចំកម្មវិធីពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតថ្លៃ ប្រគេនព្រះសង្ឃ ជូនតាអាចារ្យ ដូនជី និងប្រជាពលរដ្ឋជាង ១,៥០០អង្គ/នាក់ នៅ «ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានទីតាំងស្ថិតនៅឃុំខាងលិចជាប់ជើងភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល។

និមន្តធ្វើជាតំណាងរបស់ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះទេពវិចិត្រ ប៉ាច សុផុន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះថេរដីកាថា៖«នេះជាចក្ខុវិស័យមួយដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន និងអង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា ដែលមានសទ្ធាជ្រះថ្លា បានផ្ដល់នូវសេវាកម្មពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតកម្រៃ សម្រាប់ព្រះសង្ឃ សីលវ័ន្ត សីលវតី ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំផ្សារដែក។ ជាក់ស្ដែង ព្រះសង្ឃ យោគាវចរ សីលវ័ន្ត សីលវតី ដែលគង់ និងស្នាក់នៅទីនេះ ភាគច្រើនគឺសុទ្ធតែចាស់ជរា ដែលមានបញ្ហាត្រចៀក ច្រមុះ បំពង់ក ច្រើន ធ្វើឱ្យជំនួយមួយនេះមានតម្លៃខ្ពង់ខ្ពស់ ព្រោះសុខភាពផ្លូវកាយល្អ និងសុខភាពផ្លូវចិត្តល្អ ជាលាភដ៏ឧដុង្គឧត្ដមសម្រាប់មនុស្សជាតិ ធ្វើឱ្យគ្រប់កិច្ចការងាររមែងប្រព្រឹត្ដទៅបានគ្រប់វិស័យ»។

ថ្លែងសំណេះសំណាលមុនពេលពិនិត្យ និងព្យាបាលប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ, លោក គឹម ពុទ្ធី អនុប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល នៃ បុរី មេគង្គ លែន បានសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋ ហើយបានបង្ហាញពីគោលជំហរស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការយកចិត្តទុកដាក់របស់ បុរី មេគង្គ លែន លើសុខុមាលភាពសហគមន៍។ ជាក់ស្ដែង នេះមិនមែនជាលើកទី១ឡើយ ដែល បុរី មេគង្គ លែន បានសហការឧបត្ថម្ភជូនអង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា ក្នុងការរៀបចំកម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយឥតគិតថ្លៃ។

ក្នុងនោះផងដែរ លោកស្រី កែប ច័ន្ទសមា នាយិការរងនៃអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា បានថ្លែងថា ជារឿយៗ បុរី មេគង្គ លែន ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ជាម ឃុនណាត តែងឧបត្ថម្ភមកកាន់អង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា ទៅលើការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតកម្រៃ។ លោកស្រីបានបន្ដទៀតថា ក្នុងនាមលោកស្រីជាពលរដ្ឋម្នាក់ និងជាគ្រូពេទ្យផងនោះ មានភាពរីករាយជាខ្លាំង ដែលមាន បុរី មេគង្គ លែន ជាដៃគូសហការឧបត្ថម្ភដ៏រឹងមាំផ្ដល់ជូនសេវាពិនិត្យ និងព្យាបាលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលកំពុងត្រូវការការពិនិត្យ និងព្យាបាល។

កម្មវិធីនេះ បានប្រព្រឹត្ដទៅរយៈពេល១ថ្ងៃពេញ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ដើម្បីប្រគេន និងផ្ដល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាល ពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាជំនាញៗចំនួន៣០រូប ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីធានាថាព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានមក ទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព វិជ្ជាជីវៈ និងទាន់ពេលវេលា។

អង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា គឺជាអង្គការដែលផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ ការពិនិត្យសុខភាព និងការគាំទ្រប្រកបដោយនិរន្តរភាពដល់ប្រជាជនដែលងាយរងគ្រោះ សហគមន៍ដាច់ស្រយាល និងស្ថាប័នសាសនានានានៅទូទាំងប្រទេសកម្ពុជា៕
ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
ហ្វេសប៊ុកផេកផ្លូវការ HOPE Cambodia - អង្គការហូប កម្ពុជា៖ https://www.facebook.com/profile.php?id=100064552734928














