ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការក្ដៅលើមន្ត្រីណាដែលទារលុយពីពលរដ្ឋជាថ្នូរនឹងការទទួលពាក្យបណ្តឹង
ហាក់ អ៊ីឌី
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ មានករណីប្រជាពលរដ្ឋស្ទាក់ស្ទើរ មិនហ៊ានដាក់ពាក្យបណ្តឹង ឬរាយការណ៍ទៅសមត្ថកិច្ចពេលជួបបញ្ហា ដោយសារតែព្រួយបារម្ភខ្លាចរអាក្នុងការចំណាយថវិកា ឬ «អស់លុយ»។ ​​ពេល​នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ ប្រសិនបើរកឃើញថា​ មានករណីបែបនេះកើតឡើងពិតប្រាកដមែន។ 

ករណីជាក់ស្តែង! ថ្មីៗនេះ បុរសម្នាក់ជាម្ចាស់ហាងលក់ទូរសព្ទ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ថាមានក្មេងស្ទាវយករបស់គប់លើទីតាំងខ្លួន ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ តែពុំហ៊ានប្តឹងទៅសមត្ថកិច្ច ព្រោះខ្លាចអស់លុយ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ក្រោយទទួលបា​នដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីសាកសួរព័ត៌មានពីម្ចាស់ហាងលក់ទូរសព្ទខាងលើ។ ពេលនោះ សមត្ថកិច្ចទទួលបានព័ត៌មានថា កន្លងមក ម្ចាស់ហាងលក់ទូរសព្ទធ្លាប់ប៉ះសម្តីបន្តិចបន្តួចជាមួយក្មេងៗអាយុប្រហែល១០ ទៅ១១ឆ្នាំ។

លុះដល់ថ្ងៃកើតហេតុ ក៏មានឮសំឡេងធ្លាក់អ្វីនៅលើដំបូលផ្ទះ ទើបម្ចាស់ហាង ចេញមកមើល តែពុំឃើញមានអ្នកណាឡើយ។ ម្ចាស់ហាងនោះ មិនហ៊ានប្តឹងទៅសមត្ថកិច្ចនោះទេ ព្រោះទទួលដំណឹងពីស្រ្តីម្នាក់ជាម្ចាស់ផ្ទះជួលថា ធ្លាប់បាត់ខ្សែភ្លើង ហើយទៅប្តឹងដល់សមត្ថកិច្ច តែត្រូវអស់លុយ។ សមត្ថកិច្ច រៀបរាប់ថា បានទៅសាកសួរស្រ្តីជាម្ចាស់ផ្ទះជួល ហើយទទួលបានព័ត៌មានថា ប្រហែល១ឆ្នាំមុន ស្រ្តីនោះ ពិតជាបានបាត់ខ្សែភ្លើងមែន និងបានទៅដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ច ហើយសមត្ថកិច្ចបានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ។ សមត្ថកិច្ច រៀបរាប់បន្តដោយផ្អែកលើសម្តីរបស់ស្រ្តីម្ចាស់ផ្ទះជួលថា នៅពេលនោះ គាត់បានឧបត្ថម្ភថវិកាបន្តិចបន្តួចប៉ុណ្ណោះ ដល់សមត្ថកិច្ច ដើម្បីជាការលើកទឹកចិត្ត ដែលសមត្ថកិច្ចខិតខំធ្វើការងារជូនគាត់។ បន្ទាប់មក សមត្ថកិច្ចក៏បានណែនាំដល់បុរសខាងលើ ឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដោយមិនតម្រូវឱ្យបង់សេវានោះទេ។ ជាមួយគ្នា សមត្ថកិច្ច ណែនាំថា បើសិនមានករណីអ្វីកើតឡើង សូមរាយការណ៍បន្ទាន់ទៅសមត្ថកិច្ច ដើម្បីសមត្ថកិច្ចចាប់វិធានការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត