សូមបន្តប្រុងប្រយ័ត្ន! ក្រសួងរកឃើញជំងឺផ្ដាសាយបក្សីលើទារិកាអាយុ៩ខែនៅខណ្ឌមានជ័យ
S
Soriya Sou
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ ទារិកាអាយុ៩ខែម្នាក់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញកើតជំងឺផ្ដាសាយបក្សីប្រភេទហាស់៥អ៊ិន១ (H5N1) កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦..។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១១ ខែកក្កដា ក្រសួងសុខាភិបាល អះអាងថា ទារិការូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ បច្ចុប្បន្ន ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួង បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ស្វែងរកប្រភពចម្លងលើសត្វ និងមនុស្ស ព្រមទាំងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ 

ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ជំងឺផ្តាសាយបក្សី គឺជាជំងឺផ្តាសាយមួយដែលឆ្លងពីសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចឆ្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់ ហើយតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា បើសិនជាកើតលើមនុស្ស។ ជាថ្មីម្ដងទៀត ក្រសួងសុខាភិបាល បានរំឭក​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច។ ប្រសិនបើមានអាការក្ដៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ សូមកុំទៅទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការបាត់បង់ជីវិត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត