
ខេត្តរតនគិរី៖ ត្មាតផេះជាប្រភេទសត្វស្លាបកម្រ បានវិលត្រឡប់មករស់នៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ក្រោយពីអវត្តមានអស់រយៈពេលជិត១០ឆ្នាំ។នេះបើយោងតាមការឱ្យដឹងពីក្រសួងបរិស្ថាន កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២៦។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា គូសបញ្ជាក់ថា កាលវិលត្រលប់របស់ត្មាតផេះចំនួន២ក្បាល បានបង្ហាញពីសញ្ញានៃការកើនឡើងវិញ។ នេះជាលើកដំបូងដែលត្មាតផេះ បានបង្ហាញខ្លួនឡើងវិញ ក្រោយពីការបាត់ខ្លួនតាំងពីឆ្នាំ២០១៦។ ក្រៅពីធ្វើជំរឿនត្មាតផេះ អ្នកជំនាញក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន៥ក្បាលដែរ ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។ ដូច្នេះការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងជានិមិត្តសញ្ញានៃក្ដីសង្ឃឹម សម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បន្តលើកទឹកចិត្តឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសអភិរក្សប្រភេទជីវៈចម្រុះកម្រលើពិភពលោក ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា។

ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានលើកឡើងថា នៅឆ្នាំ២០២៥ លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេសកត់ត្រាបានត្មាតភ្លើង និងត្មាតផេះ សរុបចំនួន១៦៣ក្បាល។ សត្វត្មាតនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌធម្មជាតិ ដែលមានមានតួនាទីដ៏សំខាន់ក្នុងការសម្អាតបរិស្ថាន និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ការពារធម្មជាតិ។ វត្តមានត្មាតផេះក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់។ ការវិលត្រឡប់របស់សត្វត្មាតផេះនេះ មិនត្រឹមតែជាសញ្ញាវិជ្ជមានសម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ការពារប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជដែរ៕



