ព្យុះទីហ្វុងបាវី «ទំហំប៉ុនប្រទេសបារាំង» កំពុងបោលសម្រុកទៅតៃវ៉ាន់ និងចិន ជាមួយល្បឿន២០០គីឡូម៉ែត្រក្នុង១ម៉ោង
N
Nary Vann
12 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ព្យុះទីហ្វុងដ៏កាចសាហាវ ឈ្មោះបាវី (Bavi) ដែលមានទំហំស្លាបជិត ១០០០គីឡូម៉ែត្រ (ប្រហាក់ប្រហែលនឹងទំហំប្រទេសបារាំងទាំងមូល) កំពុងបោលសម្រុកទៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ ក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក នៅថ្ងៃទី៩កក្កដានេះ។  ល្បឿនព្យុះកំណាចនេះ បានថយចុះបន្តិចមកត្រឹមជិត២០០គីឡូម៉ែត្រក្នុង១ម៉ោង

តួអេហ្វែល តំណាងប្រទេសបារាំង
តួអេហ្វែល តំណាងប្រទេសបារាំង

អាជ្ញាធរតៃវ៉ាន់ បានចេញសេចក្ដីប្រកាសអាសន្ន បង្ខំឱ្យប្រជាពលរដ្ឋសម្រុកទិញស្បៀងអាហារស្តុកទុក ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងព្យុះកំណាចបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២៤មក។ រីឯប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ណែនាំឱ្យប្រជាជនរៀបចំវេចស្បៀងទុក មានអាហារ ទឹកស្អាត និងពិល ដែលអាចជួយទ្រទ្រង់ជីវិតបានយ៉ាងហោចណាស់៣ថ្ងៃ ព្រោះថា ព្យុះបាវី អាចនឹងបង្កមហន្តរាយបំផ្លិចបំផ្លាញកម្រិតធ្ងន់ធ្ងរបំផុតដល់តំបន់ឆ្នេរទាំងមូល។  

លោក ឡៃ ឈីងតេ
លោក ឡៃ ឈីងតេ

ផ្អែកតាមការព្យាកររបស់មជ្ឈមណ្ឌលឧតុនិយមជាតិចិន ព្យុះទីហ្វុងបាវី នឹងបក់បោកផ្នែកខាងជើងនៃកោះតៃវ៉ាន់ មុនពេលបោះពួយទៅបុកចំខេត្តហ្វូជៀន (Fujian) ភាគខាងកើតប្រទេសចិន នៅចុងសប្តាហ៍នេះ។ អ្នកជំនាញផ្នែកឧតុនិយមតៃវ៉ាន់ បានលើកឡើងថា នេះគឺជាមហាព្យុះដែលមានទំហំធំបំផុត ដែលតៃវ៉ាន់កំពុងជួប គិតចាប់តាំងពីឆ្នាំ១៩៨៧មក។ អ្នកជំនាញបន្តថា បាតុភូតខ្នាតយក្សបែបនេះ គឺ «កម្រមានណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»

យោងតាមស្ថាប័ន AccuWeather (អាក់ឃ្យូវេឌើ) ប្រសិនបើព្យុះបាវីនៅតែរក្សាកម្លាំងវាយប្រហារដូចការទស្សទាយ វានឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គិតចាប់តាំងពីមានមហាព្យុះកំណាចកុងរ៉េ (Super Typhoon Kong-rey) កាលពីឆ្នាំ២០២៤។  ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញមុខព្រមានដាច់ខាតដល់ប្រជាពលរដ្ឋនៅក្នុងខេត្តអូគីណាវ៉ា (Okinawa) ឱ្យត្រៀមខ្លួនទប់ទល់នឹងខ្យល់កន្ត្រាក់ គ្រោះបាក់ដី ជំនន់ទឹកភ្លៀង និងរលកយក្សសមុទ្ទផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត