
រដ្ឋធានីប៉េកាំង៖ សត្វពស់គ្រប់ប្រភេទប្រមាណ៩០០ក្បាល រួមទាំងពស់វែកដែលមានពិសកាចសាហាវ បានរួចចេញពីកសិដ្ឋាន បន្ទាប់ពីគ្រោះទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុងម៉ៃសាក់ បានវាយប្រហារបាក់ទំនប់ទឹក និងលិចលង់កសិដ្ឋាននោះ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង ខណៈមានអ្នកភូមិមួយចំនួនបានរងគ្រោះដោយសារពស់ចឹក...។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ហេតុការណ៍ដ៏ព្រឺព្រួចនេះកើតឡើងនៅក្នុងភូមិតឹងវៃ (Dengwei) ក្រុងហេងចូវ (Hengzhou) តំបន់ស្វយ័តក្វាងស៊ីស៊ួង ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីការធ្លាយទំនប់ទឹកពីរ បានធ្វើឱ្យទឹកជំនន់លិចលង់យ៉ាងគំហុកចូលកសិដ្ឋានចិញ្ចឹមសត្វពស់ខ្នាតតូចជាច្រើនកន្លែង។ អាជ្ញាធរមូលដ្ឋានប៉ាន់ប្រមាណថា មានពស់ចន្លោះពី៨០០ ទៅ៩០០ក្បាលបានរួចចេញពីទ្រុង ដោយមានទាំងពស់មានពិស និងគ្មានពិស។ ក្ដីបារម្ភកើនឡើងកាន់តែខ្លាំង ដោយសារតែមានអ្នកភូមិមួយចំនួនរងគ្រោះដោយសារត្រូវសត្វពស់ចឹក តែមិនអាចទទួលបានការសង្គ្រោះវេជ្ជសាស្ត្រទាន់ពេលវេលា ដោយសារតែផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។

ដើម្បីទប់ទល់នឹងស្ថានភាពនេះ អាជ្ញាធរចិន បានដាក់ពង្រាយកម្លាំងជំនាញចម្រុះ ដើម្បីតាមប្រមាញ់សត្វពស់ទាំងនោះត្រឡប់មកវិញ និងបានចេញសេចក្ដីប្រកាសអាសន្ន ហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋដើរចូលទៅជិតតំបន់ទឹកលិចឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត ចំពេលដែលខេត្តក្វាងស៊ីទាំងមូល កំពុងតែដោះស្រាយវិបត្តិជម្លៀសប្រជាជនចេញពីគ្រោះទឹកជំនន់ដ៏ធំធេងនេះ៕



