
ក្រុងស្វាយរៀង៖ បុរសម្នាក់អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២១មិថុនា ឆ្នាំ២០២៥…។

ក្រសួងគូសបញ្ជាក់ថា តាមការសាកសួរបង្ហាញថា អ្នកជំងឺបានកាន់ និងប៉ះពាល់មាន់ដែលឈឺ-ងាប់២ថ្ងៃ មុនថ្ងៃដែលអ្នកជំងឺចាប់ផ្តើមឈឺ។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្ដ្រ ស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្ស និងស្វែងរកករណីសង្ស័យអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងបន្ថែមថា ប្រសិនបើមានអាការក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។ សូមជម្រាប ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៥ ក្រសួងរកឃើញការឆ្លងវីរុសផ្តាសាយបក្សី៥ករណី ដោយករណីទី១កើតទៅលើកុមារាអាយុ២ឆ្នាំ៧ខែ រស់នៅខេត្តព្រៃវែង និងករណីទី២កើតលើកុមារាអាយុ៣ឆ្នាំ៦ខែរស់នៅខេត្តក្រចេះ និងករណីទី៣កើតលើក្មេងប្រុសអាយុ១១ឆ្នាំ។ ដោយសាររាងធ្ងន់ធ្ងរគ្រូពេទ្យមិនអាចសង្គ្រោះបានជាអកុសលស្លាប់ទាំងបីនាក់។ ដោយទ្បែកករណីទី៤កើតចំស្ត្រីចំណាស់អាយុ៦៥ឆ្នាំ រស់នៅខេត្តតាកែវ៕





