រកឃើញស្ត្រីម្នាក់ទៀតនៅខេត្តសៀមរាប ឆ្លងជំងឺផ្ដាសាយបក្សី
S
Soriya Sou
01 កក្កដា 2025 04:00 PM

ខេត្តសៀមរាប៖ ក្រសួងសុខាភិបាល បានបន្តរកឃើញស្ត្រីម្នាក់ទៀត ឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5N1 ដែលជាករណីទី៤ហើយ បានកើតនៅក្នុងខេត្តសៀមរាប…។

រូបតំណាង/ រូបភាពពី Internet
រូបតំណាង/ រូបភាពពី Internet

ស្ត្រីរូបនេះមានអាយុ៣៦ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី H5N1 ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី៣០មិថុនា ឆ្នាំ២០២៥។ អ្នកជំងឺមានទីលំនៅក្នុងភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម ខណៈបច្ចុប្បន្ន គាត់កំពុងស្ថិតក្រោមការព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១កក្កដានេះ បានឱ្យដឹងថា នេះជាករណីឆ្លងជំងឺផ្ដាសាយបក្សីទី៤ហើយ ក្នុងខេត្តសៀមរាប បន្ទាប់ពីត្រូវបានរកឃើញ៣ករណីកាលពីកន្លងទៅ និងជាករណីទី១១ នៅកម្ពុជាសម្រាប់ឆ្នាំ២០២៥។ មិនខុសគ្នា តាមការសាកសួរបង្ហាញថា មុនកើតជំងឺផ្ដាសាយបក្សី នៅផ្ទះអ្នកជំងឺមានមាន់ឈឺនិងងាប់ ហើយអ្នកជំងឺបានកាន់ និងប៉ះពាល់ផ្ទាល់ រួចយកទៅកប់។

រូបតំណាង/ រូបភាពពី Internet
រូបតំណាង/ រូបភាពពី Internet

ក្រោយរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាមបច្ចេកទេស ស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស ព្រមទាំងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ ក្រុមការងារក៏បានចែកជូនឱសថតាម៊ីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយប្រភេទ ដែលជាធម្មតា ចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែវាក៏អាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។

រូបតំណាង/ រូបភាពពី Internet
រូបតំណាង/ រូបភាពពី Internet

ក្រសួងសុខាភិបាល បានបន្តក្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ កុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ។ ត្រូវប្រកាន់ខ្ជាប់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ។ បើសិនមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត