
រាជធានីភ្នំពេញ៖ ជំងឺផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ខណៈបុរសវ័យ២២ឆ្នាំម្នាក់ទៀតបានស្លាប់ក្រោយរកឃើញវិជ្ជមានជំងឺផ្ដាសាយបក្សី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅព្រឹកថ្ងៃទី១៦វិច្ឆិកានេះ...។

ក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសខាងលើមានទីលំនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានវិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) នៅថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២៥។ ក្រោយរកឃើញវិជ្ជមាន ក្រុមគ្រូពេទ្យបានខិតខំថែទាំ និងជួយសង្គ្រោះអ្នកជំងឺយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមាន៖ គ្រុនក្ដៅ ក្អក ហត់ និងពិបាកដកដង្ហើម អ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី១៥វិច្ឆិកាដដែលនោះ នាវេលាម៉ោង៩ៈ៤១នាទី។ យ៉ាងណាក៏ដោយ ពេលនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយមន្រ្តីពាក់ព័ន្ធ ចុះអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ដ្រ និងពិធីសារបច្ចេកទេស ក៏ដូចជាស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។

សូមជម្រាបថា ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ជាថ្មីម្ដងទៀត ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន សូមប្រុងប្រយ័ត្ន ប្រសិនបើមានអាការក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ កុំពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។ ត្រូវប្រកាន់ខ្ជាប់អនាម័យជានិច្ច ដោយការលាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ។ សូមចងចាំថា ម្ហូបអាហារត្រូវចម្អិនឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត៕





