រកឃើញជំងឺផ្ដាសាយបក្សី២ករណីទៀតកើតលើម្ដាយ និងកូន នៅក្នុងខេត្តសៀមរាប
S
Soriya Sou
29 មិថុនា 2025 05:00 PM

ខេត្តសៀមរាប៖ ស្ត្រីម្នាក់អាយុ៤៦ឆ្នាំ និងក្មេងប្រុសម្នាក់ទៀតអាយុ១៦ឆ្នាំ ត្រូវបានរកឃើញវិជ្ជមានជំងឺផ្ដាសាយបក្សី (H5N1)។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៩មិថុនា ឆ្នាំ២០២៥...។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ស្ត្រី និងក្មេងប្រុស ដែលរកឃើញវិជ្ជមានជំងឺផ្ដាសាយបក្សីខាងលើ ត្រូវជាម្ដាយកូននឹងគ្នា និងមានទីលំនៅស្ថិតនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជាភូមិកើតហេតុនៃស្ត្រីអាយុ៤១ឆ្នាំ វិជ្ជមានជំងឺផ្តាសាយបក្សី ដែលបានចេញផ្សាយព័ត៌មានកាលពីថ្ងៃទី២៣មិថុនាកន្លងទៅ។ ករណីទាំងពីរនេះ មានទីលំនៅចង្ងាយប្រមាណ២០ម៉ែត្រពីផ្ទះអ្នកជំងឺអាយុ៤១ឆ្នាំ។ ក្រោយទទួលបានលទ្ធផលពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ បច្ចុប្បន្ន ស្ថានភាពសុខភាពអ្នកជំងឺទាំងពីរខាងលើ ស្ថិតក្នុងស្ថិរភាព និងកំពុងត្រូវបានព្យាបាលដោយឱសថតាមីហ្គូ (Tamiflu) ជាមួយការតាមដានបន្តដោយយកចិត្តទុកដាក់។ 

សូមជម្រាបថា នេះជាករណីជំងឺផ្ដាសាយបក្សីទី៩ និងទី១០ហើយសម្រាប់កម្ពុជា ក្នុងឆ្នាំ២០២៥នេះ។ យ៉ាងណាក៏ដោយ ក្រោយរកឃើញករណីវិជ្ជមានជំងឺផ្ដាសាយបក្សីជាបន្តបន្ទាប់ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារពាក់ព័ន្ធ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ដ្រ និងពិធីសារបច្ចេកទេស ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ ទោះជាបែបនេះក្ដី ក្រសួងនៅតែអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព។

សូមជម្រាបថា ជំងឺផ្តាសាយបក្សី H5N1 ជាជំងឺផ្តាសាយមួយ ជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ សូមចងចាំថា ប្រសិនបើមានអាការក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន។ ត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត