
រដ្ឋធានីញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសមួយចំនួន រួមមាន ឥណ្ឌូណេស៊ី អូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណងមិត្តភាពយុទ្ធសាស្ត្រ និងសន្តិសុខដែនសមុទ្ទ ក្រោមគោលនយោបាយ«ដំណើរឆ្ពោះទៅទិសខាងកើត»របស់ឥណ្ឌា។

នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែកក្កដា លោក ម៉ូឌី នឹងជួបពិភាក្សាការងារជាមួយសមភាគីឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា លើវិស័យសន្តិសុខដែនសមុទ្ទ ការពារជាតិ និងពាណិជ្ជកម្ម។ បន្ទាប់មក លោកនឹងបន្តដំណើររទៅកាន់ទីក្រុងប្រវត្តិសាស្ត្រ យ៉ុកយ៉ាកាតា (Yogyakarta) និងប្រាសាទប្រាំបាណាន់ (Prambanan) ដើម្បីសហការលើការងារអភិរក្សវប្បធម៌។ គួរដឹងថា ឥណ្ឌូណេស៊ីទើបតែបញ្ជាទិញមីស៊ីលតម្រង់ទិស Brahmos ពីប្រទេសឥណ្ឌា។

នៅថ្ងៃទី១០ ខែកក្កដា លោក ម៉ូឌី នឹងចេញដំណើររទៅកាន់ទីក្រុងមែលប៊ន ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំឥណ្ឌា-អូស្ត្រាលី លើកទី៣ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការការពារជាតិ ពាណិជ្ជកម្ម រ៉ែ សន្តិសុខបច្ចេកវិទ្យា និងខ្សែច្រវាក់ផ្គត់ផ្គង់។

បន្តមកទៀត លោក ម៉ូឌី នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីនូវែលសេឡង់ នៅថ្ងៃទី១១ ខែកក្កដា ដើម្បីពង្រឹងទំនាក់ទំនង បន្ទាប់ពីប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ។

គួរបញ្ជាក់ថា ផែនការនៃការទៅបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី អូស្ត្រាលី និងនូវែលសេឡង់ កើតឡើងក្រោយ លោក ណារិនដ្រា ម៉ូឌី ជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអ៊ិ តាកៃឈី៕



