ប្រធានព្រឹទ្ធសភាកម្ពុជា ជួបអគ្គមេបញ្ជាការម៉ាឡេស៊ី ពិភាក្សាពីការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ
អុន សម្ផស្ស
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ ម៉ាឡេក រ៉ាហ្សាក់ (Malek Razak) អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ..។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោ ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសក្នុងវិស័យការពារជាតិ។ ទន្ទឹមគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរលោកនាយឧត្តមសេនីយ៍ ម៉ាឡេក រ៉ាហ្សាក់ ដែលបានឡើងកាន់តំណែងជាអគ្គមេបញ្ជាការ។ សម្តេចបង្ហាញជំនឿថា ទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនកាន់តែខ្លាំងឡើង។ 

សម្តេចតេជោ បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី មានការរីកចម្រើនជាបន្តបន្ទាប់ ទាំងក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ។ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានផ្តាំផ្ញើការថ្លែងអំណរគុណតាមរយៈលោក ម៉ាឡេក រ៉ាហ្សាក់ ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលម៉ាឡេស៊ី ធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥។ បន្ថែមលើនេះ សម្តេច បញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយផ្អែកលើការចរចាដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ម៉ាឡេក រ៉ាហ្សាក់ ថ្លែងថា កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងដ៏ល្អប្រសើរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ហើយបានបង្ហាញបំណងពង្រឹងបន្ថែមទៀតនូវកិច្ចការក្នុងវិស័យការពារជាតិ។ បន្ថែមលើនេះ លោកអគ្គមេបញ្ជាការ បានបង្ហាញការគាំទ្រចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត