
រាជធានីភ្នំពេញ៖ លោកស្រី អាឡេកសាន់ត្រា ហ្សិតថល (Aleksandra Zittle) ភារធារីស្តីទីនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មី ពីការយកចិត្តទុកដាក់របស់អាម៉េរិក ក្នុងការតាមដានស្ថានការណ៍វិវត្តបញ្ហាព្រំដែន និងគាំទ្រការស្វែងរកដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការបរទេសកម្ពុជា បានប្រកាសព័ត៌មាននេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦..។

ក្នុងជំនួបផ្ទាល់មុខជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា លោកស្រីភារធារីស្តីទីអាម៉េរិក បានកត់សម្គាល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោកស្រី ថែមទាំងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយភាពប្រាកដប្រជា និងស្ថាបនាជាមួយសហរដ្ឋអាម៉េរិកលើបញ្ហាជាច្រើន ជាពិសេសលើវិស័យសន្តិសុខ។ ជាមួយគ្នា លោកស្រី Zittle បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់សហរដ្ឋអាម៉េរិកលើស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោកស្រី ថ្លែងកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Zittle អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមគ្នា លោករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លើសពីនេះ លោកប្រមុខការទូត ថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិកក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនា នៅក្នុងតំបន់ និងជាពិសេស ជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក។

ក្នុងជំនួបដដែលនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយបានពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕








