
រាជធានីបាងកក៖ តុលាការការងាររបស់ប្រទេសថៃ បានទទួលយកញត្តិពីនាវិកជនជាតិថៃចំនួន៣នាក់ ដែលព្យាយាមទាមទារសំណងខូចខាត បន្ទាប់ពីរងការវាយប្រហារដ៏សាហាវមួយលើនាវាដឹកដឹកប្រេងរបស់ពួកគេនៅក្នុងច្រកសមុទ្ទហ័រមូស្ស កាលពីខែមីនា ឆ្នាំ២០២៦ កំលុងពេលកំពុងមានសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ នាវិកទាំង៣នាក់ គឺស្ថិតក្នុងចំណោមនាវិក២០នាក់ ដែលនៅរស់រានមានជីវិត ពីការបាញ់ប្រហារនេះ។

ញត្តិនោះបានទាមទារសំណងខូចខាតយ៉ាងហោចណាស់១លានបាត ឬស្មើ ៣០០០០ដុល្លារ សម្រាប់នាវិកម្នាក់ៗពីក្រុមហ៊ុន និងស្ថាប័ននានា ដែលពាក់ព័ន្ធនឹងម្ចាស់នាវាគឺក្រុមហ៊ុន Precious Shipping (ព្រីហ្សឹស ហ្ស៊ីបភីង) និងប្រធានក្រុមនាវិកថៃ។ លោក គុនផាត់ សិង្ហថង (Kunpat Singhathong) ជាមេធាវីតំណាងឱ្យក្រុមនាវិក បានប្រាប់អ្នកយកព័ត៌មានថា ក្រុមនាវិកបានចោទប្រកាន់និយោជករបស់ពួកគេ ពីបទនាំពួកគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ និងបង្កហានិភ័យដល់អាយុជីវិត និងធ្វើឱ្យពួកគេមិនអាចបន្តធ្វើការងារបានទៀតឡើយ។ លោកអះអាងថា៖«អ្នកទាំង៣ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានវិបត្តិផ្លូវចិត្តក្រោយជួបព្រឹត្តិការណ៍តក់ស្លុត (ឬ PTSD) ហើយហាក់បីដូចជាមិនអាចត្រឡប់ទៅធ្វើការជានាវិកបានទៀតទេ»។ រហូតមកដល់ពេលនេះ ក្រុមនាវិកទទួលបានតែប្រាក់ឈ្នួលចំនួន២ខែ និងប្រាក់សំណងចំពោះការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ផ្សារភាគហ៊ុនថៃ ក្រុមហ៊ុន Precious Shipping បានបញ្ជាក់ថា ខ្លួនមិនទាន់ទទួលបានឯកសារតុលាការណាមួយនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះក្រុមនាវិកស្របតាមច្បាប់ជាធរមាន និងកិច្ចព្រមព្រៀងកិច្ចសន្យារួចរាល់ហើយ។ ក្រុមហ៊ុនបានលើកឡើងថា៖«ចាប់តាំងពីមានឧបទ្ទវហេតុនេះកើតឡើង ក្រុមហ៊ុនបានផ្តល់ការថែទាំ និងគាំទ្រជាបន្តបន្ទាប់ដល់សមាជិកនាវិកដែលរងផលប៉ះពាល់ និងក្រុមគ្រួសាររបស់ពួកគេ»។ សូមជម្រាបថានាវិកចំនួន៣នាក់បានបាត់បង់ជីវិត និង២០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីគ្រាប់រ៉ុក្កែត ឬមីស៊ីលចំនួន២គ្រាប់បានបាញ់ត្រូវនាវាមយូរីនារី (Mayuree Naree) ដែលបង្ហូតទង់ជាតិថៃ កាលពីថ្ងៃទី១១ ខែមីនា ខណៈនាវានេះកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទ ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនាំចេញប្រេង និងឧស្ម័ន៕





