
រាជធានីបាងកក៖ ថៃបានសម្ញែងសាច់ដុំយោធារបស់ខ្លួនយ៉ាងគគ្រឹកគ្រេង តាមរយៈការបើកពិរពណ៌ឧស្សាហកម្មការពារជាតិដ៏ធំរបស់ខ្លួន THAIDEF-EX 2026 កាលពីថ្ងៃទី៧កក្កដាកន្លងទៅ។ យ៉ាងណា អ្វីដែលធ្វើឱ្យគេគ្រប់គ្នាហួសចិត្តនោះ គឺពាក្យសម្តីដ៏ភូតភរ បោកប្រាស់ បង្កប់ដោយល្បិចកលពិសពុល ដែលនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បានរលាស់អណ្តាតទាំងបំភ្លៃ ដើម្បីបិទបាំងមហិច្ឆតាឈ្លានពានរបស់ខ្លួនថា«បង្កើតក្ដីស្រឡាញ់ កុំបង្កើតសង្រ្គាម Make Love, Not War»។

ក្នុងពិរពណ៌ឧស្សាហកម្មការពារជាតិ លោក អនុទីន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថៃ ក្នុងការងាកមកពង្រឹងឧស្សាហកម្មការពារជាតិក្នុងស្រុក ដើម្បីជំរុញការ«ពឹងផ្អែកលើខ្លួនឯង» និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ថៃ ដោយលោកបង្ហើរសារដ៏គួរឱ្យរអើមថា៖បង្កើតក្ដីស្រឡាញ់ កុំបង្កើតសង្រ្គាម (Make Love, Not War)។ ពាក្យនេះស្ដាប់ទៅពីរោះ តែផ្ទុយពីការពិតទាំងស្រុង! ផ្ទុយពីការពិត ក៏ព្រោះតែ បច្ចុប្បន្ន យោធាថៃបាននិងកំពុងធ្វើសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជាយ៉ាងជ្រៅ និងកំពុងបង្ករឿងតាមព្រំដែន ដើម្បីយកលេសបង្កើតសង្គ្រាមសាជាថ្មីជាមួយកម្ពុជា។ ជាក់ស្តែង អនុទីន មិនបានបង្ហាញពីទិដ្ឋភាពនៃអ្នកស្រឡាញ់សន្តិភាពដូចមាត់និយាយឡើយ។ លោកបានធ្វើដំណើរទៅកន្លែងប្រារព្ធកម្មវិធី ដោយឈរយ៉ាងព្រហើន នៅលើរថពាសដែកប្រភេទ First Win អមដោយរដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។

ការបង្ហាញខ្លួនក្នុងទម្រង់យោធានិយមបែបនេះ គឺស្តែងឱ្យឃើញយ៉ាងច្បាស់ពីមហិច្ឆតារបស់ថៃ ក្នុងការបង្កើនសមត្ថភាពផលិតអាវុធ និងការត្រៀមលក្ខណៈយោធា ក្រោមលេសថា«ពឹងផ្អែកលើខ្លួនឯង» និងចង់ក្លាយជា«មជ្ឈមណ្ឌលផលិតអាវុធឈានមុខគេក្នុងតំបន់»។ នៅក្នុងសុន្ទរកថាបើក លោក អនុទីន បានសង្កត់ធ្ងន់ថា ជម្លោះអន្តរជាតិ បានរំខានដល់ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ដូច្នេះ ប្រទេសជាច្រើនត្រូវតែងាកមកពឹងផ្អែកលើខ្លួនឯង ជំនួសឱ្យការនាំចូលអាវុធពីបរទេស ហើយការវិនិយោគលើវិស័យការពារជាតិ មិនមែនគ្រាន់តែដើម្បីការពារអធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្កើតតម្លៃសេដ្ឋកិច្ច លើកកម្ពស់បច្ចេកវិទ្យា និងវិស្វកម្ម ជាពិសេស បច្ចេកវិទ្យាប្រើប្រាស់ស៊ីវិលសព្វថ្ងៃជាច្រើនដូចជា ដ្រូន ឬប្រព័ន្ធ GPS សទ្ធតែមានប្រភពដើមចេញពីការស្រាវជ្រាវយោធា។

សម្តី អនុទីន ត្រូវបានគេមើលឃើញថាជា«សម្តីលាបពណ៌-សលើទង្វើខ្មៅកខ្វក់» របស់យោធាថៃ នោះក៏ព្រោះតែភាគីថៃ គឺជាអ្នកដែលតែងតែបង្កជម្លោះ និងបើកការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងសាហាវ ព្រៃផ្សៃ ឃោរឃៅ និងយង់ឃ្នងជាទីបំផុត។ នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងការពារជាតិ ក្រសួងឧស្សាហកម្ម និងវិទ្យាសាស្ត្រ ដើម្បីផ្សារភ្ជាប់អ្នកជំនាញស្រាវជ្រាវ ទៅនឹងសមត្ថភាពផលិតកម្មជាក់ស្តែង ដើម្បីជំរុញការផលិតគ្រាប់កាំភ្លើង អាវុធយុទ្ធភណ្ឌ និងបច្ចេកវិទ្យាយោធា។ ជុំវិញការពង្រឹងវិស័យសព្វាវុធរបស់ថៃនេះ គឺជាសញ្ញាព្រមាន និងជាការគំរាមកំហែងដល់បណ្តាប្រទេសជិតខាង ជាពិសេសកម្ពុជា។ សម្តីផ្អែមល្ហែម បង្កប់ដោយពិសពុលរបស់ អនុទីន គ្រាន់តែជាយុទ្ធសាស្ត្របោកប្រាស់ និងពាក្យភូតភរតែប៉ុណ្ណោះ ដោយមាត់ស្រែកស្រឡាញ់សន្តិភាព ប៉ុន្តែដៃកំពុងដាក់លើកៃកាំភ្លើង រង់ចាំឱកាសល្អ ដើម្បីបើកការឈ្លានពានកម្ពុជាប៉ុណ្ណោះ៕











