
រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសៅរ៍ទី១១ ខែកក្កដា ថា មេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានចេញមុខថ្កោលទោស និងបណ្តេញមន្ត្រីយោធាជាន់ខ្ពស់មួយរូបចេញពីគណបក្សកាន់អំណាចភ្លាមៗ ជុំវិញរឿងអាស្រូវស៊ីសំណូក និងពុករលួយ ដោយចាត់ទុកទង្វើនេះថាជា «បទល្មើសដ៏ធ្ងន់ធ្ងរបំផុត»។ នេះបើតាមការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំរួមគ្នាមួយរវាងគណបក្សពលករកូរ៉េ និងកងទ័ព ក្នុងរដ្ឋធានីព្យុងយ៉ាង។

ក្នុងកិច្ចប្រជុំនោះ មានសេចក្តីរាយការណ៍ពីអំពើពុករលួយរបស់លោក ផាក ហួយចុល (Pak Hui Chol) អតីតអនុប្រធានទទួលបន្ទុកកិច្ចការចាត់តាំងអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជន និងបក្ខពួករបស់លោក។ បើតាមការបញ្ជាក់ពីភ្នាក់ងារសារព័ត៌មាន KCNA លោក ផាក បានទទួលសំណូកជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានរស់នៅក្នុងជីវភាពបែបហ៊ឺហា។ ភ្នាក់ងារសារព័ត៌មាននេះ បានបន្ថែមថា គណបក្សកាន់អំណាចកូរ៉េខាងជើង បានសម្រេចដកហូតតំណែងរបស់លោកចេញពីស្ថាប័នដឹកនាំមជ្ឈិមរបស់បក្ស និងបានបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យស្ថាប័នអនុវត្តច្បាប់រួចរាល់ហើយ។

ប្រភពដដែល បានដកស្រង់សុន្ទរកថារបស់លោក គីម ជុងអ៊ុន ថា៖«នេះគឺជាបទល្មើសនយោបាយប្រឆាំងនឹងខ្សែបន្ទាត់របស់បក្សក្នុងការកសាងវិន័យ ហើយក៏ជាសកម្មភាពកេងប្រវញ្ច និងប្លន់ទ្រព្យសម្បត្តិដោយចេតនា ប្រឆាំងនឹងផលប្រយោជន៍របស់រដ្ឋ និងប្រជាជន»។ គួរបញ្ជាក់ថា ការចេញមុខថ្កោលទោសជាសាធារណៈកម្រិតខ្ពស់ទៅលើមន្ត្រីជាន់ខ្ពស់ ជាពិសេសពីសំណាក់មេដឹកនាំកំពូលផ្ទាល់ គឺជារឿងកម្រនឹងកើតមានណាស់ នៅក្នុងប្រព័ន្ធរដ្ឋាភិបាលផ្តាច់ការ និងមានភាពលាក់លៀមរបស់ប្រទេសកូរ៉េខាងជើង៕



