កូរ៉េខាងជើង សម្រុកអភិវឌ្ឍនុយក្លេអ៊ែឱ្យកាន់តែខ្លាំង
ហៀប ស៊ីថេត
7 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើងបានសម្រេចដាក់ចេញវិធានការនានា ដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែរបស់ខ្លួន «ទាំងបរិមាណ និងគុណភាព» ខណៈបុរសខ្លាំង គីម ជុងអ៊ុន (Kim Jong Un) បានជំរុញឱ្យមានការធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង ចំពេលវិបត្តិសកលកំពុងរីកដូចផ្សិត។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA...។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននចុះផ្សាយថា វិធានការទាំងនោះ និងការលើកឡើងរបស់លោក គីម បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែកក្កដា នៅក្នុងកិច្ចប្រជុំគណៈកម្មាការយោធាមជ្ឈិមនៃគណបក្សពលករ ដែលកំពុងកាន់អំណាចដឹកនាំប្រទេសកូរ៉េខាងជើង។ យោងតាមរបាយការណ៍ដដែល លោក គីម បានអះអាងថា សន្តិសុខ និងសន្តិភាពពិតប្រាកដរបស់កូរ៉េខាងជើង អាចធានាទៅបាន លុះត្រាតែមានការកសាងយោធាដ៏មានអំណាចមួយ ដែលមានសមត្ថភាពគ្រប់គ្រងលើរាល់ការគំរាមកំហែងទាំងអស់។ KCNA បានបញ្ជាក់ថា កិច្ចប្រជុំនោះបានកំណត់ផែនការក្នុងការផ្លាស់ប្ដូរថ្មីនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធ, ពង្រីកនុយក្លេអ៊ែ, ធ្វើឱ្យមូលដ្ឋានទ័ពមានលក្ខណៈស្ដង់ដារ, ជំនាញឯកទេស, និងទំនើបកម្ម។

លើសពីនេះ របាយការណ៍បានបន្ថែមថា កិច្ចប្រជុំក៏បានពិភាក្សាអំពីការបង្កើនតួនាទីរបស់អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ ដែលជាទីភ្នាក់ងារសម្ងាត់យោធារបស់កូរ៉េខាងជើង ដើម្បីកែលម្អសមត្ថភាពឈ្លបយកការណ៍ និងការប្រមូលព័ត៌មានសម្ងាត់របស់ខ្លួន។ ទីភ្នាក់ងារ KCNA បានបញ្ជាក់ថា កិច្ចប្រជុំក៏បានលើកឡើងអំពីការសាងសង់មូលដ្ឋានទ័ពជើងទឹកទំនើបៗ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពកម្មន្តសាលនាវា(កន្លែងផលិត និងជួសជុលនាវា) ដែលឆ្លុះបញ្ចាំងពីអ្វីដែលខ្លួនហៅថា ជាការផ្លាស់ប្ដូរដ៏សំខាន់នៅក្នុងស្ថានភាព និងតួនាទីរបស់កងទ័ពជើងទឹកកូរ៉េខាងជើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត