
រដ្ឋធានីប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍នៅថ្ងៃទី៥កក្កដានេះថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានប្រកាសពីការត្រៀមខ្លួនរួចរាល់ក្នុងការចាប់ដៃធ្វើការងារជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim JongUn) ដើម្បីតម្រង់ទិសដៅទំនាក់ទំនងទ្វេភាគីឱ្យឆ្ពោះទៅរក «ការអភិវឌ្ឍប្រកបដោយស្ថិរភាព មាំមួន និងយូរអង្វែង»។

សកម្មភាពការទូតនេះ ធ្វើឡើងបន្ទាប់ពីលោក ស៊ី ទើបតែបានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រមួយនៅរដ្ឋធានីព្យុងយ៉ាង កាលពីខែមិថុនាកន្លងទៅ ជាពេលដែលមហាអំណាចនុយក្លេរអ៊ែទាំងពីរ ប្ដេជ្ញារឹតចំណងសម្ព័ន្ធភាពឱ្យកាន់តែណែន ចំពេលស្ថានភាពនៅលើឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅខ្លាំង ហើយកូរ៉េខាងជើងកំពុងងាកទៅពង្រីកកិច្ចសហការយោធាយ៉ាងស៊ីជម្រៅជាមួយរុស្ស៊ី តាមរយៈការបញ្ជូនកងទ័ព និងគ្រាប់រំសេវទៅជួយរដ្ឋធានីមូស្គូក្នុងសង្រ្គាមអ៊ុយក្រែន។ នៅក្នុងសារលិខិត ចុះថ្ងៃទី០១ ខែកក្កដា លោក ស៊ី ជីនពីង ថ្លែងអំណរគុណលោក គីម ជុងអ៊ុន ចំថ្ងៃខួបបង្កើតបក្សកុម្មុយនីស្ដចិន (CCP) លើកទី១០៥ ដោយបានសង្កត់ធ្ងន់ថា បក្សកាន់អំណាចនៃប្រទេសទាំងពីរ គឺជា«បក្សម៉ាក្សនិយម»ដូចគ្នា ដែលធ្លាប់បានឈរត្រសង និងរួមសុខរួមទុក្ខជាមួយគ្នារាប់ជំនាន់ ដើម្បីបុព្វហេតុសង្គមនិយម។

លោក ស៊ី ជីនពីង បានគូសបញ្ជាក់ចំៗថា៖«ខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងការណែនាំដល់វិស័យ និងតំបន់ពាក់ព័ន្ធនៃភាគីទាំងសងខាង ឱ្យអនុវត្តពេញលេញនូវរាល់ការយល់ឃើញរួមគ្នាដ៏សំខាន់ដែលយើងសម្រេចបាន ដើម្បីដឹកនាំទំនាក់ទំនងចិន-កូរ៉េខាងជើង ទៅកាន់ភាពរីកចម្រើនយូរអង្វែង»។ ទោះបីជាបច្ចុប្បន្នកូរ៉េខាងជើង ព្យាយាមបង្កើតបក្ខពួកយោធាថ្មីជាមួយរុស្ស៊ីក៏ដោយ ប៉ុន្តែប្រទេសចិននៅតែជា «ខ្នងបង្អែកសេដ្ឋកិច្ចធំបំផុតដាច់គេ» របស់រដ្ឋធានីព្យុងយ៉ាង ដោយក្តោបក្តាប់ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់កូរ៉េខាងជើងស្ទើរតែទាំងស្រុង ពោលគឺរហូតដល់ទៅជិត៩៨ភាគរយ នេះបើតាមទិន្នន័យផ្លូវការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង៕



