
រដ្ឋធានីប៉ារីស៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងអួតពីកិច្ចព្រមព្រៀងបឋមលើការបញ្ចប់សង្រ្គាមអ៊ីរ៉ង់ និងបង្ហើបបង្ហាញពីផែនការបញ្ចប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន និងលីបង់ ផងដែរ ស្របពេលលោកបានទៅជាន់ដីបារាំងដើម្បីចូលរួមជាមួយមេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង៧ ឬ G7 នៅក្នុងប្រទេសបារាំង។

លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅទឹកដីបារាំង ក្នុងទីក្រុង អេវ្យង់ ឡេ បាំង (Evian-les-Bains) បានកើតឡើងចំពេលបណ្តាប្រទេសជាដៃគូកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥរិយាបថភូមិសាស្ត្រនយោបាយមិនទៀងទាត់របស់លោក។ទោះបីជាប្រទេសជាច្រើនបានសម្ដែងការធូរស្រាលចិត្តចំពោះកិច្ចព្រមព្រៀង ដែលអាចនាំទៅរកការបិទបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ក៏ដោយ ក៏ក្ដីបារម្ភជុំវិញការគំរាមកំហែងពន្ធដារថ្មីៗតម្រង់បាញ់ឆ្ពោះទៅរកប្រទេសបារាំង ក៏ដូចជាវោហាសាស្ត្ររបស់រដ្ឋធានីវ៉ាស៊ីនតោន លើការគាំទ្រផ្នែកយោធា បញ្ហាអន្តោប្រវេសន៍ និងភាពប្រេះឆាផ្នែកនយោបាយការទូត។ នៅក្នុងជំនួបជាមួយម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល គឺប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) លោក ត្រាំ បានអួតអាងអំពីកិច្ចព្រមព្រៀងបទឈប់បាញ់បឋមជាមួយអ៊ីរ៉ង់ និងការបើកទំព័រថ្មីក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយគូប្រជែងដ៏យូរអង្វែងមួយនេះ។

លោក ត្រាំ បានថ្លែងថា៖«ខ្ញុំគិតថា រឿងដ៏អស្ចារ្យជាច្រើនហៀបនឹងកើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ានៅពេលនេះ ហើយអ្វីដែលសំខាន់បំផុតនោះគឺ តម្លៃប្រេងកំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ហើយទីផ្សារភាគហ៊ុនកំពុងតែហក់ឡើងដូចគ្រាប់រ៉ុក្កែតនៅថ្ងៃនេះ។ កិច្ចព្រមព្រៀងអ៊ីរ៉ង់ដែលយើងបានធ្វើឡើង នឹងនាំមកនូវជោគជ័យយ៉ាងច្រើនដល់ពិភពលោក»។ ជាមួយគ្នា លោក ត្រាំ បានប្រាប់លោក ម៉ាក្រុង ថា នាវាមួយចំនួនកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទនេះ ដោយមិនបាច់បង់ថ្លៃរួចទៅហើយ។ លើសពីនេះ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំគិតថា យើងនឹងមិនត្រូវការជំនួយច្រើននោះទេ ពីព្រោះច្រកសមុទ្ទនេះនឹងត្រូវបើកចំហួចទៅហើយ ប៉ុន្តែខ្ញុំគិតថា វាមិនមែនជាគំនិតល្អទេ បើមាននាវាតែមួយគ្រឿង ឬ២គ្រឿងនៅទីនោះ (គឺច្រកសមុទ្ទហ័រមូស្ស)»៕





